ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព មន្ត្រីសុខាភិបាលខេត្តកោះកុង។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកសសើរ អំពី អកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពខ្ពស់ក្នុងការគិតគូររបស់អ្នកដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលមានបំណិនប្រសប់ នាំការចូលរួមយ៉ាងសកម្មពីបុគ្គលិកសុខាភិបាលក្រោមឱវាទ លើកស្មារតី លើកតម្កល់ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ។ ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមលើការបន្តខិតខំរក្សាភាពគំរូ-ជ័យលាភី និងបន្តដណ្តើមបានភាពគំរូ និងជ័យលាភីបន្តបន្ទាប់ទៀត តាមរយៈការបង្កើនសមត្ថភាពបណ្តុះបណ្តាលទាំងបច្ចេកទេស និងភាពជាអ្នកដឹកនាំ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង លើប្រាំទិដ្ឋភាពនៃភាពជាអ្នកដឹកនាំ (៥ Hs) ដោយរួមបញ្ចូលគ្នា៖
១- ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ចេញពីបេះដូង (Heart)
២- ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា គិតល្អ គិតត្រូវ សំដៅបម្រើប្រយោជន៏សាធារណៈ ប្រយោជន៏បងប្អូនប្រជាពលរដ្ឋ ដែលយើងខ្លួនឯងជាប្រជាពលរដ្ឋរួមជាមួយក្នុងនោះ (Head)
៣- ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ដឹកដៃអោយធ្វើជាគំរូ (Hands)
៤-ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង (Habit)
៥- ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ (Health, self-care)
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តាំផ្ញើដល់អ្នកដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវ មានស្មារតីចេះជួយគ្នាដោះស្រាយបញ្ហាប្រឈម ពាំនាំដំណោះស្រាយ សាមគ្គីធម៌ ស្រលាញ់-គោរព-តម្កល់វិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីការបម្រើសេវាសាធារណៈមួយ ដែលពោរពេញដោយការស្រលាញ់ពេញចិត្ត ប្រកបដោគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ខេត្តកោះកុង៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤