សាខាកក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាបានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយលោក បាន ចន្នារិទ្ធ ប្រធានស្តីទីមណ្ឌលសុខភាពតាតៃ និងសហការី អាជ្ញាធរឃុំតាតៃ បានរៀបចំផ្សព្វផ្សាយសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីអបអរទិវាបំបៅកូនដោយទឹកដោះម្តាយ ៧សីហា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពតាតៃ ស្ថិតនៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានស្ត្រីជាមាតា កំពុងពរពោះ និងកំពុងបំបៅកូនដោយទឹកដោះ សរុបចំនួន ២៣នាក់ ។
ជាមួយគ្នានេះក្រុមគ្រូពេទ្យបានធ្វើបទបង្ហាញពីសារៈសំខាន់ នៃការបំបៅកូនដោយទឹកដោះម្តាយ ក៏ជួយកាត់បន្ថយជំងឺសរសៃឈាម បេះដូងទារក ជំងឺធាត់ និង ទឹកនោមផ្អែមប្រភេទទី២ផងដែរ។
ចំណែកឯអត្ថប្រយោជន៍ចំពោះមាតាគឺ ÷
• កាត់បន្ថយជំងឺមហារីកដោះ និង ក្រពេញអូវែរ
• បន្ថយជំងឺលើសសំពាធឈាម និង ជំងឺសរសៃរឈាមបេះដូង
• ជួយពន្យារកំណើតបាន៦ខែប្រសិនបំបៅដោះសុទ្ធ ព្រោះពេលកូនជញ្ជក់ក្បាលដោះ គឺមានការបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ដែលមានសកម្មភាពជួយបញ្ឈប់ការខ្ចាក់មេជីវិតញី
• ជួយដល់ការកន្រ្តាក់ស្បូន ដែលកាត់បន្ថយការហូរឈាម ការពារភាពស្លេកស្លាំង
• កាត់បន្ថយជំងឺបាក់ទឹកចិត្តក្រោយសម្រាល
• កាត់បន្ថយជំងឺស្ពោតឆ្អឹង
• ពិសេសជួយសន្សំសំចៃថវិកាដែលចំណាយលើទឺកដោះគោសិប្បនិម្មិតបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រោយបញ្ចប់សាខាក៏បានឧបត្ថម្ភស្ត្រីដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន សាប៊ូម្សៅ១កញ្ចប់ សាប៊ូកូនក្មេង១ដប ប្រេងកូឡា១ដប កន្សែងពោះគោ១ ព្រមទាំងថវិកា៤ម៉ឺនរៀល ដូចៗគ្នា ដោយឡែកស្ត្រីងាយរងគ្រោះ២គ្រួសារ ទទួលបាន អង្ករ២៥ គក្រ មី១កេស ត្រី១ឡូ ទឹកសុទ្ធ១កេស និងថវិកា៦ម៉ឺនរៀលផងដែរ ។