(កោះកុង)នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចេញប្រតិបត្តិការនៅពេលមានយថាហេតុកើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នាយសេនាធិការ មានប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។
ជាចុងក្រោយ លោកមេបញ្ជាការរង នាយសេនាធិការ បានដាក់បទបញ្ជាដល់កងកម្លាំង តំបន់ប្រតិបត្តិសឹករងបាត់ដំបងទាំងអស់ត្រូវប្ដេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងកម្ទេចចោលក្រុមទុច្ចរិតដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា៕