លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកោះកុង។ គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើការបូកសរុបនូវទិន្នន័យពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ដោះស្រាយ ដែលប្រជាពលរដ្ឋ ឬម្ចាស់បណ្តឹង បានដាក់ពាក្យទៅមន្ទីរ អង្គភាព ថាតើ មន្ទីរ អង្គភាពនីមួយៗ បានទទួលពាក្យបណ្តឹងប៉ុន្មានករណី ដោះស្រាយបានប៉ុន្មានករណី នៅសល់ប៉ុន្មាន និងឬបញ្ជូនទៅរដ្ឋបាលខេត្ត ឬក្រសួង ប៉ុន្មានករណី។ ជាមួយគ្នានេះ លោក ហាក់ ឡេង បានស្នើសុំឱ្យមន្ទីរ អង្គភាព ធ្វើរបាយការណ៍ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងនេះ ជូនមករដ្ឋបាលខេត្តយ៉ាងយូរត្រឹមថ្ងៃទី២០ រៀងរាល់ខែ ដោយលោកបានបញ្ជាក់បន្ថែមថា ការស្នើសុំឱ្យធ្វើរបាយការណ៍ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងមករដ្ឋបាលខេត្តនេះ គឺដើម្បីរដ្ឋបាលខេត្តបូកសរុប ធ្វើរបាយការណ៍បញ្ចូលទៅក្នុងរបាយការណ៍ភូមិ ឃុំមានសុវត្ថិភាព រួចបញ្ជូនទៅក្រសួងមហាផ្ទៃ និងដើម្បីបញ្ចូលទៅក្នុងរបាយការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ August 1, 2024