លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីសំណើសូមពន្លឿនការវាស់វែង និងដោះស្រាយទំហំ ៥១ហិកតា ស្ថិតនៅខាងលិចផ្លូវឡានចាស់ ជាប់ស្ទឹងឆាយតារេន ក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង របស់ឈ្មោះ សុខ ជា ។
លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារមានដូចជា លោកអភិបាលរងស្រុក លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំជីផាត លោកមេភូមិកំលត ម្ចាស់សំណើ និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំ។
បន្ទាប់ពីប្រជុំពិភាក្សាលោកប្រធានអង្គប្រជុំបានណែនាំគ្នាដូចខាងក្រោម ៖
១-ប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុក សហការជាមួយលោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំ លោកមេភូមិ និងម្ចាស់សំណើធ្វើការរួម ដើម្បីកំណត់និយាមការដីទំហំ ៥១ហិកតា ជាមុនសិន
២-រដ្ឋបាលស្រុក ធ្វើកំណត់រួមមួយ និងកសាងផែនទីដីផ្ញើមករដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធី
៣-ប្រសិនបើទីតាំងដីស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ ត្រូវស្នើសូមធ្វើប្រទានកម្មពីប្រមុខរាជរដ្ឋាភិបាល ។
ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤