រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋដែលស្នើសូមដីសម្បទានសង្គមកិច្ច

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋដែលស្នើសូមដីសម្បទានសង្គមកិច្ច

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលដែលស្នើសូមដីសម្បទានសង្គមកិច្ច។ តាមការវាយតម្លៃជាបឋមរបស់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ២៥៦៤គ្រួសារ ដែលជាអ្នករស់នៅក្នុងស្រុកស្រែអំបិល និងបានស្នើសូមដីសម្បទានសង្គមកិច្ច គឺមានប្រជាពលរដ្ឋដែលមានលក្ខណៈសមស្រប ក្នុងការទទួលបានដីសម្បទានសង្គមកិច្ច គ្រួសារអាទិភាពទី១ មានចំនួន ៤៩គ្រួសារ និងគ្រួសារអាទិភាពទី២ មានចំនួន ១៤៨គ្រួសារ។ ការវាយតម្លៃ ដាក់ពិន្ទុ លើប្រជាពលរដ្ឋដែលស្នើសុំដីសម្បទានសង្គមកិច្ចនេះ គឺជាការពិនិត្យ វាយតម្លៃដោយផ្ទាល់ពី មេភូមិ និងមេឃុំ ដែលជាអាជ្ញាធរមូលដ្ឋាន ស្គាល់ និងដឹងអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យកាន់តែមានតម្លាភាព និងកាន់តែច្បាស់លាស់ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សា ដោយមានការអញ្ជើញតំណាងប្រជាពលរដ្ឋ គឺលោកស្រី ផាវ ញើង និងលោក ហាន់ ទៀត ចូលរួមប្រជុំ ដើម្បីពិនិត្យ វាយតម្លៃផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះ តំណាងប្រជាពលរដ្ឋ បានសំណូមពរដើម្បីឱ្យក្រុមគាត់ ចុះពិនិត្យ វាយតម្លៃលើប្រជាពលរដ្ឋដែលស្នើសុំដីសម្បទានសង្គមកិច្ចនេះបន្ថែមពីលើការវាយតម្លៃ របស់អាជ្ញាធរមូលដ្ឋាន និងបានស្នើសូមលើការផ្តល់ដីសម្បទានសង្គមកិច្ចឱ្យបានដីទំហំធំជាង ៥០០០ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ។
ជាការឆ្លើយតបនឹងសំណូមពររបស់តំណាងប្រជាពលរដ្ឋ លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង បានឆ្លើយតប និងណែនាំដូចខាងក្រោម៖
១-ការស្នើសូមរបស់តំណាងប្រជាពលរដ្ឋ ក្នុងការចុះពិនិត្យ វាយតម្លៃបន្ថែមលើអ្នកដែលស្នើសុំដីសម្បទានសង្គមកិច្ច ករណីនេះ ដើម្បីបង្ហាញពីតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ និងកាន់តែមានភាពច្បាស់លាស់បន្ថែមទៀតក្នុងការវាយតម្លៃលើគ្រួសារ ដែលមានលក្ខណៈសមស្រប ក្នុងការទទួលបានដីសម្បទានសង្គមកិច្ច គឺអនុញ្ញាឱ្យក្រុមតំណាងប្រជាពលរដ្ឋចុះពិនិត្យវាយតម្លៃបន្ថែម ប៉ុន្តែសូមតំណាងប្រជាពលរដ្ឋ រៀបចំកម្មវិធីចុះពិនិត្យវាយតម្លៃ និងសមាសភាពក្រុមការងាររបស់ខ្លួន ឱ្យបានច្បាស់លាស់ រួចផ្ញើជូនរដ្ឋបាលស្រុក ដើម្បីរដ្ឋបាលស្រុកណែនាំបន្តទៅភូមិ ឃុំ ឱ្យចូលរួមសហការ។ ក្នុងការចុះពិនិត្យវាយតម្លៃ ត្រូវធ្វើឡើងតាមខ្នងផ្ទះ តាមភូមិនីមួយៗ ដោយមិនអនុញ្ញាតឱ្យប្រមូលផ្តុំទេ (ឧទាហរណ៍៖ ពេលធ្វើនៅភូមិ ក គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋភូមិ ខ មកចូលរួមទេ ទោះក្នុងហេតុផលណាក៏ដោយ (ការធ្វើដូចនេះ គឺដើម្បីការពារការកើតមានបញ្ហាផ្សេងៗជាយថាហេតុ)។ ជាពិសេស ត្រូវធានាថា ការចុះពិនិត្យវាយតម្លៃនេះ ធ្វើឡើងក្នុងគោលដៅតែមួយគត់ គឺដើម្បីពិនិត្យ វាយតម្លៃលើប្រជាពលរដ្ឋដែលស្នើសូមដីសម្បទានសង្គមកិច្ច ។
២-ចំពោះទំហំដីដែលនឹងត្រូវផ្តល់ជូនជាដីសម្បទានសង្គមកិច្ច គឺអាស្រ័យលើចំនួនប្រជាពលរដ្ឋដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ច។ ប្រសិនបើ អ្នកត្រូវទទួលបានដីសម្បទានសង្គមកិច្ចមានចំនួនច្រើន គឺត្រូវទទួលបានដីតិច(ទំហំតូច) ហើយបើចំនួនអ្នកទទួលដីសម្បទានមានចំនួនតិច នោះនឹងត្រូវទទួលបានដីច្រើន(ទំហំធំ) ព្រោះទំហំដីសរុបសម្រាប់ផ្តល់ជាដីសម្បទានសង្គមកិច្ច មានប្រហែលត្រឹម ១០០ហិកតាប៉ុណ្ណោះ។
ថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ July 1, 2024

អត្ថបទទាក់ទង