រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ទូទាំងខេត្តកោះកុង ប្រចាំឆ្នាំ២០២៤

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ទូទាំងខេត្តកោះកុង ប្រចាំឆ្នាំ២០២៤

លោកស្រីអភិបាល បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា ជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាទូទាំងខេត្ត សម្រាប់ឆ្នាំ២០២៤ នាពេលនេះ។ ជាមួយគ្នាដែរ ខ្ញុំសូមអរគុណចំពោះលោក លោកស្រី តំណាងមន្ទីរ អង្គភាព ដែលបានចំណាយពេលដ៏មាន តម្លៃចូលរួម ជាកិត្តិយស ក្នុងពិធីបិទការប្រកួតនាពេលនេះ ដែលជាការលើកទឹកចិត្ត ដល់កីឡា ករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រកួតរហូត ដល់បានបញ្ចប់ជាស្ថាពរ។
នាងខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសសើរ និងអរគុណចំពោះប្អូនៗ ក្មួយៗទាំង អស់ ដែលបានបញ្ចេញនូវសមត្ថភាព និងការចូលរួមជាក្រុម ដោយបានគោរពវិន័យថ្លៃថ្នូរ ខ្ជាប់ខ្ជួនទាំងពេលប្រកួត ក៏ដូចពេលឈប់សម្រាក ស័ក្តិសម ជាកីឡាករ ដែលពោរពេញ ដោយស្មារតីកីឡា ព្រមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ក្នុងការប្រកួតកន្លងមក។
អង្គពិធីទាំងមូលជាទីមេត្រី! កន្លងមក ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទទួលជោគជ័យដ៏ត្រចះត្រចង់ ដែលបានលើក កិត្តិយសជាតិយ៉ាងខ្ពស់ត្រដែតក្នុងឆាកតំបន់ និងអន្តរជាតិ ជាមួយទិសស្លោក ដែលបានលើកឡើងថា កីឡារស់ ក្នុងសន្តិភាព។ សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ បើមិនមាន សន្តិភាព មិនមានអ្វីៗ ទាំងអស់ មិនមានការអភិវឌ្ឍន៍ ក៏មិនមានការប្រកួតកីឡាដូចពេលនេះដែរ។

អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
ម្យ៉ាងវិញទៀត កីឡា បាននាំមកនូវការទំនាក់ទំនងល្អ រវាងគ្នា និងគ្នា កីឡានាំមកនូវ សាមគ្គីភាព និងមិត្តភាព។ បច្ចុប្បន្ននេះ វិស័យកីឡា ពិតជាមានការរីកចម្រើន គួរជាទីមោទនៈ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង។ ទិសស្លោក ប្រជាជនម្នាក់ លេងកីឡាមួយមុខ គឺជាការជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការថែរក្សាសុខភាព បង្កើតទំនាក់ទំនងល្អតាមរយៈការ លេងកីឡាផងដែរ ដោយឡែក ប្អូនៗ ក្មួយៗ ដែលជាកីឡាករទាំងអស់ បានចៀសផុតពីគ្រឿង ញៀន ដោយប្អូនៗចូលរួមលេងកីឡា និងជាគម្រូ ដ៏ប្រពៃសម្រាប់ប្អូនៗ ក្នុងសហគមន៍ថែមទៀតផង។
តាមរយៈរបាយការណ៍របស់គណៈកម្មការប្រកួត អំបាញ់មិញនេះ បានបញ្ជាក់ថា ការ ប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៤ សម្រាប់ខេត្ត កោះកុងយើង ដែលមានកីឡាករមកពីក្រុង ស្រុកទូទាំងខេត្ត បានចូលរួមប្រកួត ក្នុងរយៈពេល ៣ថ្ងៃកន្លងមក។ ខ្ញុំសូមកោតសសើរជាថ្មីម្តងទៀត ចំពោះប្អូនៗ ក្មួយៗទាំងអស់ ដែលបានយក អស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល របស់ខ្លួន។
ទន្ទឹមនេះ ខ្ញុំសូមចូលរួមអបអរសាទរ ដល់ ក្រុមកីឡាករ ដែលទទួលបានជ័យលាភីទាំងអស់ ជាមួយគ្នានេះផងដែរ ខ្ញុំសូមចូលរួមលើកទឹកចិត្ត ចំពោះក្រុមកីឡាករ ដែលមិនបានជាប់ចំណាត់ថ្នាក់ ហើយសង្ឃឹមថាប្អូនៗ ពិតជាខិតខំពង្រឹងសមត្ថភាព បច្ចេកទេស និងវិន័យបន្ថែមជាប្រចាំ សម្រាប់ ការប្រកួតលើកក្រោយៗទៀត។

អស់លោក លោកស្រី និងក្មួយៗទាំងអស់! តាមរយៈរបាយការណ៍របស់គណៈកម្មការប្រកួតបានបង្ហាញថាពិធីប្រកួតបានបញ្ចប់ ដោយរលូន និងទទួលបានលទ្ធផលល្អ។ នាងខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំរៀបចំស្រមតាមគោលការណ៍ណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីជួយពិនិត្យ និងត្រៀមជួយសង្គ្រោះនៅពេលមានបញ្ហាសុខភាព ជាយថាហេតុ។ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធ ដែលបានផ្តល់កងកម្លាំងសម្រាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ តាំងពីដើម រហូតដល់ចប់ពិធីប្រកួត។ ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងនូវអំណរគុណចំពោះ អស់លោក លោកស្រី ដែលបាន អញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៤ នាពេលនេះ និងសូមប្រសិទ្ធពរ ជូនចំពោះអស់លោក លោកស្រី ភ្ញៀវកិត្តិយស ប្រតិភូកីឡាក្រុង ស្រុក ប្អូនៗ ក្មួយៗកីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងបងប្អូនទស្សនិកជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាស «បិទ» ការប្រកួតជាផ្លូវការចាប់ពីពេលនាពេលនេះតទៅ ។
ថ្ងៃអាទិត្យ ២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ June 23, 2024

អត្ថបទទាក់ទង