រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាស ចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤ ដោយអនុលោមតាមមាត្រា៦២ នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។
ទន្ទឹមនេះ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា ស្រុកមណ្ឌល សីមា ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោត ជ្រើសរើសជាសមាជិកក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤ ដើម្បីបន្តដឹកនាំ ស្រុកមណ្ឌលសីមា សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។ ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំ អង្គការបានកំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។ លើសពី នេះ ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយ ផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមាន ស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើ ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ផ្អែកតាមរបាយការណ៍របស់ លោកអភិបាល ស្រុកមណ្ឌលសីមា បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សា អាណត្តិទី៣ គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំង ស្រុកមណ្ឌលសីមា បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួម ការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និង ការគំរាមកំហែងណាមួយកើតឡើងឡើយ ស្របតាមច្បាប់បោះឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។ សមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាល ស្រុកមណ្ឌលសីមា សម្រេចបាននាពេល កន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម អោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើអោយកម្ពុជាយើងដើរតួនាទីកាន់តែ សកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន២០ដង រួចមកហើយ ដែលព្រឹត្តិការណ៍នេះបានបង្ហាញ យ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេស កម្ពុជា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្ស នយោបាយទាំងអស់ផងដែរ ដែលធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

ដោយឡែក ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកទី១ ឆ្នាំ២០០២ មកទល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បច្ចុប្បន្ននេះ ប្រទេសយើងបានរៀបចំការបោះឆ្នោតនៅថ្នាក់ក្រោមជាតិចំនួន៩លើករួចមកហើយ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការ បោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះ ផងដែរ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាល ស្រុកមណ្ឌលសីមា មានក្រុមប្រឹក្សាចំនួន ១១រូប ស្រី ០២រូប ដែលត្រូវប្រកាសឱ្យចូលកាន់តំណែងនាឱកាសដ៏ថ្លៃថ្លានេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន (២)ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា តាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង (៣) លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅ រដ្ឋបាលថ្នាក់ក្រោមជាតិដូចជា ការបង្កើតក្រុមប្រឹក្សាតាមរយៈការបោះឆ្នោត ប្រព័ន្ធកសាងផែនការ ប្រព័ន្ធ គ្រប់គ្រងបុគ្គលិក ប្រព័ន្ធហិរញ្ញវត្ថុ នីតិវិធីអនុវត្តការងារ និងនីតិវិធីផ្តល់សេវា និងយន្តការគណនេយ្យភាព ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការដោយមានការពិនិត្យ វាយតម្លៃ និងកែលម្អជាបណ្តើរៗ។ ពាក់ព័ន្ធនឹងការងារបុគ្គលិក រហូតមកដល់ពេលនេះមានបុគ្គលិកប្រមាណ១០ម៉ឺននាក់ត្រូវបានផ្ទេរ ទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះបុគ្គលិកក្របខ័ណ្ឌក្រសួងមហាផ្ទៃចំនួន ជាង៧.៥០០នាក់ បុគ្គលិកក្របខ័ណ្ឌសុខាភិបាលចំនួនជាង២០.០០០នាក់ បុគ្គលិកក្របខ័ណ្ឌអប់រំចំនួន ប្រមាណ៦០.០០០នាក់ និងបុគ្គលិកក្របខ័ណ្ឌជំនាញបច្ចេកទេសពីក្រសួងស្ថាប័នតាមវិស័យនានាចំនួន ប្រមាណជិត១០.០០០នាក់។ ចំណែកឯការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ក៏បានបង្កើត និងដាក់ឱ្យប្រតិបត្តិការនូវប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ ការបង្កើតប្រភពចំណូលនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងនីតិវិធីរៀបចំ និងអនុវត្តថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដែលធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ចាត់ចែង និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ធនធាន ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើនជាបន្តបន្ទាប់ដែលគិតមកដល់ក្នុងឆ្នាំ២០២៤នេះ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួន ប្រមាណ១.៧៣០លានដុល្លារ ក្នុងនោះថវិការាជធានី ខេត្តចំនួនប្រមាណ៨៧០លានដុល្លារ ថវិកាក្រុង ស្រុកចំនួនប្រមាណ៥៥០លានដុល្លារ និងថវិកាឃុំ សង្កាត់ចំនួន ប្រមាណ៣១០លានដុល្លារ។

ពាក់ព័ន្ធនឹងការផ្ទេរមុខងារវិញ ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ដែលក្នុងនោះមុខងារ ក្នុងវិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ និងមុខងារក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពសាធារណៈក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស។ ទន្ទឹមគ្នានេះ តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញនានានៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនាឆ្នាំ២០១៩កន្លងមក ក៏បានផ្ទេរភ្ជាប់ទៅជាមួយនូវមុខងារ ចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសផងដែរ។ ក្រៅពីនេះ មុខងារ ផ្តល់សេវារដ្ឋបាលប្រមាណជាង៨០០ប្រភេទក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវា រដ្ឋបាលទាំងនេះជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗផងដែរ។ ទន្ទឹមនេះ មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចាប់ពីបឋមសិក្សាចុះក្រោមទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ត្រូវបានផ្ទេរឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ផងដែរ។

ជារួមតាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេលជាង២ទសវត្សរ៍ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នីតិវិធី បំពេញការងារ មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងប្រកបដោយភាពជាម្ចាស់ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោត ដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់ សេចក្តីទុកចិត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងដើម្បី បម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានពេញលេញ និង គ្រប់ ជ្រុងជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន ខ្ញុំសូមផ្តល់នូវ ការណែនាំអនុវត្ត និងអនុសាសន៍គន្លឹះមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា ប្រើប្រាស់ ជាមូលដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ ដូចខាងក្រោម៖
I-កិច្ចការបន្ទាន់ ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង ក្រុមប្រឹក្សាក្រុង ស្រុក ៖
ទីមួយ៖ ផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ ចូលកាន់តំណែង។ ទន្ទឹមនេះ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានកំណត់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និង ស្តាប់របាយការណ៍លើបញ្ហាចាំបាច់មួយចំនួន ដូចខាងក្រោម៖
-ផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ហេតុនេះ នាយករដ្ឋបាលសាលា ស្រុកមណ្ឌលសីមា ត្រូវចាត់ចែងថតចម្លងឯកសារទាំងនេះផ្តល់

ជូនគ្រប់សមាជិក សមាជិកាក្រុមប្រឹក្សាដោយភ្ជាប់ជាមួយលិខិតអញ្ជើញប្រជុំ និង ឯកសារពាក់ព័ន្ធដ៏ទៃឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមបែបបទ និងរបៀបរបប កិច្ចប្រជុំក្រុមប្រឹក្សា ដែលកំណត់ដោយច្បាប់
-ផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល ១២ខែ និងត្រូវអនុម័តប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ខ្លួន សម្រាប់រយៈពេល ១២ខែ មិនឱ្យហួសពីអង្គប្រជុំសាមញ្ញលើកទី២ និងសម្រាប់រយៈពេលជាបន្តបន្ទាប់ទៀតក្នុងរយៈពេល១២ខែម្តង ដោយបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងជាក់លាក់។
-អភិបាល ស្រុកមណ្ឌលសីមា ត្រូវរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ការងារសេសសល់ និងទិសដៅ ការងាររយៈពេល០៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សាអាណត្តិទី៣ ដើម្បីក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវអនុវត្តបន្ត
-បញ្ហាផ្សេងៗ។
ដោយឡែក នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះ ក្រុមប្រឹក្សាមិនត្រូវអនុម័តបញ្ហាណាមួយក្នុងកិច្ច ប្រជុំសាមញ្ញលើកទី១នេះឡើយ។
ទីពីរ៖ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា ត្រូវរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវ អនុម័ត ឱ្យបាននូវឯកសារដូចខាងក្រោម៖
-កំណត់ហេតុកិច្ចប្រជុំលើកទី១
-ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
-ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែ ដោយរាប់បញ្ចូលទាំងកិច្ចប្រជុំ សាមញ្ញលើកទី១។
ទីបី៖ ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាទាំងអស់មានកាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ហេតុនេះ សមាជិកក្រុមប្រឹក្សាគ្រប់រូប ត្រូវមានភាពម្ចាស់ការ អនុវត្តការងារនេះឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាស្របតាមច្បាប់កំណត់។ ចំពោះសមាជិកក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៣ ដែលមិនបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឡើងវិញ និងសមាជិក ក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា ដែលទើបជាប់ឆ្នោតដំបូងក្នុងអាណត្តិទី៤ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនហើយបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពី ថ្ងៃប្រកាសចូលកាន់តំណែងនេះ។ ដោយឡែក ចំពោះសមាជិកក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៣ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាអាណត្តិទី៤បន្តទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សាមីខ្លួនត្រូវអនុវត្តទៅតាមរបបប្រកាស២ឆ្នាំម្តង ស្របតាមគោលការណ៍កំណត់ក្នុងច្បាប់។

II.កិច្ចការជាអាទិភាពបន្តសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤៖
១.អំពីការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៩ អនក្រ.បក ស្តីពីផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យ ក្រុមប្រឹក្សាថ្មី ត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ

ដោយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ដូចនេះ ក្នុងឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន ក្រុមប្រឹក្សាត្រូវ កសាងផែនការអភិវឌ្ឍដែលមានសុពលភាពរយៈពេល៥ឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលលើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ខ្លួន ក្រុមប្រឹក្សាត្រូវឆ្លុះបញ្ចាំង និងឆ្លើយតបនឹងគោលបំណង និងគោលដៅអាទិភាពនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមទាំងកម្មវិធីនយោបាយ អាទិភាពនានាផ្សេងទៀត។
២.អំពីការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាល សាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក៏បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពទាំង៦ និងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវសហការចូលរួមអនុវត្តប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានា ដែលបានផ្ទេរ ជាពិសេសមុខងារវិស័យសុខាភិបាលនៅថ្នាក់រាជធានី ខេត្ត មុខងារអប់រំនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងមុខងារផ្តល់សេវារដ្ឋបាល ដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។
៣. អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន សេវាសាធារណៈ គឺជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ដែលចាំបាច់ត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ផ្អែកតាមបរិការណ៍នេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ចាំបាច់ត្រូវបន្តលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងងាយស្រួល ស្របតាមគោលការណ៍ ស្តង់ដារ បែបបទ និងនីតិវិធីដែល បានកំណត់។ ជាមួយគ្នានេះ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវា ដោយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រព្រឹត្ត បំពានក្រមសីលធម៌ វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៤. អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ទោះបីជាក្រុមប្រឹក្សាមិនមានតួនាទី និងការទទួលខុសត្រូវផ្ទាល់លើការដឹកនាំគ្រប់គ្រង ចាត់ចែង ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមាន ភារកិច្ចតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងាររបស់ រដ្ឋបាលស្រុក របស់ខ្លួន ដើម្បីជំរុញក្នុង ការធានាអោយមានសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ។
គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកមណ្ឌលសីមា ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ដូចខាងក្រោម៖
-ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋាន
-ត្រូវរៀបចំផែនការសកម្មភាពក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមអនុវត្តនូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ តាមរយៈការពង្រឹង ផែនការអប់រំផ្សព្វផ្សាយ វិធានការរដ្ឋបាល និងវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ដើម្បី ចូលរួមបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់ គ្រប់ប្រភេទ

-ត្រូវបន្តលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោក ដោយត្រូវផ្តល់អាទិភាពលើការផ្សព្វផ្សាយ អប់រំឱ្យបានផុលផុសអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹងការពង្រឹង វិធានការរដ្ឋបាល និងវិធានការច្បាប់អោយម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ថែមទៀត។
៥.អំពីក្រុមការងាររបស់រាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលស្រុក ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុម ការងារដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា សំដៅ រួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់អំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” កម្មវិធីនយោបាយគាំពារសង្គម ក៏ដូច ការវិវត្តន៍ថ្មីៗនៃសភាពការណ៍របស់ប្រទេសជាតិ និងសកល។ល។
ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាចុងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ កោតសរសើរចំពោះ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា ដែលទទួលបាន ការគាំទ្រ ដើម្បីបំពេញការងារក្នុងក្រុមប្រឹក្សាអាណត្តិទី៤នេះ។
ព្រមជាមួយគ្នានេះខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការ បុគ្គលិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៃស្រុកមណ្ឌលសីមា នឹងខិតខំរួមគ្នា ដើម្បីសម្រេច បាននូវសមិទ្ធផលថ្មីៗថែមទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ មុននឹងបញ្ចប់ខ្ញុំសូមប្រសិទ្ធពរជ័យ ជូន លោកស្រី អស់លោក ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ June 18, 2024

អត្ថបទទាក់ទង