បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងការដឹកនាំអនុវត្តសកម្មភាពត្រួតពិនិត្យ និងឆែកឆេរ ក្នុងប្រតិបត្តិការព្រំដែនទន្លេមេគង្គ “ត្រីកោណមាស” ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២៤។
ជាលទ្ធផល អង្គប្រជុំ បានឯកភាព ដូចខាងក្រោម៖
(១)ម្ចាស់ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៤ នៅពេលវេលាសមស្របតាមការកំណត់ ដើម្បីបន្តបំផុសស្មារតីឲ្យចាត់ទុកគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ។ (២)អនុវត្តការងារត្រួតពិនិត្យ និងឆែកឆេរលើមធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរឆ្លងកាត់ព្រំដែន តាមរយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវបទល្មើសឆ្លងដែន ពិសេសការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ ដោយត្រៀមលក្ខណៈសម្បត្តិចូលរួម ក្នុងប្រតិបត្តិការ ដូចជា៖ ម្ចាស់ការដឹកនាំសកម្មភាពជាក់ស្តែងនៅតាមភូមិសាស្រ្តមួយចំនួន ចាត់តាំងមន្រ្តី និងមធ្យោយបាយទំនាក់ទំនង និងចាត់តាំងសមាសភាពចូលរួម ត្រៀមបម្រុងមធ្យោបាយ សម្ភារ និងកម្លាំងអន្តរាគមន៍តាមការចាំបាច់។
ឆ្លៀតក្នុងឱកាសនោះផងដែរ បណ្ឌិតអភិបាលរង ប្រធានអង្គប្រជុំ បានណែនាំឲ្យសមត្ថកិច្ចកងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករពាក់ព័ន្ធ ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ដោយស្មារតីទទួលខុសត្រូវ៕
ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ June 11, 2024