រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី“ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី”

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី“ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី”

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា នាងខ្ញុំសូមស្វាគមន៍ ដោយភាពកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ព្រមទាំងប្រតិភូ លោក លោកស្រី ជាសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាពិសេស លោក លោកស្រី គ្រូបង្គោល នៃមន្ទីរកិច្ចការនារីខេត្តទាំងអស់ ដែលបានអញ្ជើញមកពីខេត្ត ព្រះសីហនុ កំពង់ស្ពឺ កំពត ស្វាយរៀង តាកែវ កែប ក្រចេះ ប៉ៃលិន និងមន្រ្តីរបស់ក្រសួងកិច្ចការនារី។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមធ្វើរបាយការណ៍ដោយសង្ខេបជូន ប្រតិភូ ក៏ដូចជាសិក្ខាកាមដែលអញ្ជើញមកពីបណ្តាខេត្តនានាជ្រាបអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដូចតទៅ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជាមានផ្ទៃដី ១០.០៤៥,៥៨ គ.ម២(ដប់ពាន់ សូន្យសែសិបប្រាំពាន់ ក្បៀសហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចំងាយផ្លូវ ប្រវែង២៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ដោយកាត់តាមស្ពានធំៗចំនួន ០៤ រួមមាន(ស្ពានស្រែអំបិល ស្ពានអណ្តូងទឹក ស្ពានត្រពាំងរូង និងស្ពានតាតៃ) មានប្រជាពលរដ្ឋសរុប ចំនួន ១៥១,៣៤៨នាក់(ស្រី ៧៥,៣០៤នាក់) មាន ២៩ឃុំ/សង្កាត់ និងភូមិចំនួន ១១៩ភូមិ។
ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសកោះកុង បានបង្កើតរោងចក្រចំនួន០៥គឺ ក្រុមហ៊ុនខេខេអិន (កាត់ដេរសម្លៀកបំពាក់)ក្រុមហ៊ុនយ៉ាហ្សាគិ(បង្គុំខ្សែភ្លើង)ក្រុមហ៊ុនហាណា(បរិក្ខាអេឡិចត្រូនិច) ក្រុមហ៊ុន ៩៩អ៊ឹមប្រឌើវីកោះកុង(ដេរប៉ាក់) ក្រុមហ៊ុនខេមកូម៉ូទ័រខេមភេនី(ដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង) និងក្រុមហ៊ុនមីកាសា ស្ព័ត ខេមបូឌា(ដេរបាល់ បានបិទដំណើការ)។ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារ សរុបចំនួន ១០,៤៧០នាក់(ស្រី ៦,៦០៥នាក់)ទាំងនេះសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋមានការងារធ្វើច្រើន អាចបង្កើន ប្រាក់ចំណូល ក្នុងគ្រួសារកាត់បន្ថយភាពក្រីក្រ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម បានដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញដល់ឫសគល់ ប្រែក្លាយទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាង បានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និង ប្រជាធិបតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយយកអស់ កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបន្តកសាង និងការពារមាតុភូមិ ប្រកបដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះអនាគតរបស់ខ្លួន។ នៅក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង ដោយបានចេញ ផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តឈាន ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ចាំបាច់ ស្ពានឆ្លងដៃព្រែក វារីអគ្គិសនីធំៗ តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្មនិងដំណាំកៅស៊ូ ព្រមទាំងការវិនិយោគលើវិស័យទេសចរណ៍ នៅតំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ មួយវិញទៀតក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន លើវិស័យ ទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្មបដិវត្តឧស្សហកម្មទី៤ បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោកជំទាវ រដ្ឋលេខាធិការ ជាទីគោរព ! អង្គពិធីទាំងមូល ជាទីមេត្រី ! យើងបានដឹងហើយថា អំពើរំលោភបំពានផ្លូវភេទគឺ រួមមាន ការរំលោភសេពសន្ថវៈ អំពើប្រទូស្តកេរ ខ្មាស់ អំពើបង្ហាញកេរភេទ អំពើរុកកួនខាងផ្លូវភេទ អំពើអាសប្រឆាំង និងអនីតិជន អាយុក្រោម១៥ឆ្នាំ និងរូបភាព និងសម្ភារអាសអាភាសផ្សេងៗជាដើម វាជាអំពើខុសច្បាប់ ហើយមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅលើជនរងគ្រោះ ការអភិវឌ្ឍន៍ធនធានមនុស្ស។ ជនរងគ្រោះភាគច្រើនគឺជាស្រ្តី និងកុមារី ដែលទទួលរងការរំលោភបំពានផ្លូវភេទ ជាច្រើនប្រភេទខុសៗគ្នា ប៉ុន្តែការរំលោភបំពានផ្លូវភេទ ដែលគួរឱ្យស្អប់ខ្ពើមជាងគេបំផុតនោះគឺ អំពើរំលោភសេពសន្ថវៈទៅលើស្រ្តី និងកុមារ ដែលមិនទាន់ពេញវ័យមានលក្ខណៈធ្ងន់ធ្ងរ ដែលសង្គមជាតិស្អប់ខ្ពើម។ ហើយករណីរំលោភសេពសន្ថវៈ តែងតែកើតមាននៅគ្រប់ទីកន្លែងផងដែរ។ ដូច្នេះហើយសូម លោក លោកស្រី ដែលជាគ្រូបង្គោលមកពីខេត្តទាំង០៨សូមយកចិត្តទុកដាក់តាមដានរាល់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទៅអនុវត្តន៍ក្នុងការងារ និងជួយដល់ជនរងគ្រោះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។ ដូចដែលអង្គពិធីទាំងមូល បានដឹងច្បាស់ហើយថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ និងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ ដើម្បីចូលរួមឆ្លើយតប ក្នុងការលុបបំបាត់រាល់ទម្រង់ នៃអំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ ជាកម្មវិធីអាទិភាពមួយ ដែលគ្រប់ ស្ថាប័នទាំងអស់ ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជា ជាពិសេស ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព(គ្មានអំពើអនាចារ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ)។
ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ May 29, 2024

អត្ថបទទាក់ទង