ក្រុមប្រឹក្សាក្រុង គណៈអភិបាល និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ពិតជាមានក្តីសោកសង្រេងយ៉ាងក្រៃលែងជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលអោយយោធិនចំនួន ២០នាក់ បានពលីជីវិត (ក្នុងនោះមាននាយទាហាន ខេត្តកោះកុង ចំនួន១៥នាក់) និងយោធិនមួយចំនួនទៀតបានរងរបួស ។
មរណភាពរបស់យោធិនពលី គឺជាការបាត់បង់នូវនាយទាហាន-នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាង សំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត ។
ក្នុងឱកាសប្រកបដោយក្តីទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសពយោធិនពលី និងសូមសំដែងនូវសមានទុក្ខសោកស្តាយចំពោះយោធិនរងរបួស ក្នុង ឧបទ្ទវហេតុដ៏សោកសង្រេងនេះដោយក្តីសោកសង្វេកជាទីបំផុត ។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់យោធិនពលី សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរ ដល់យោធិនរងរបួសឆាប់បានជាសះស្បើយ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#