រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ថ្លែងក្នុង“កិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារ សម្រេចបានត្រីមាសទី១ និងលើកទិសដៅអនុវត្តត្រីមាសទី២”

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ថ្លែងក្នុង“កិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារ សម្រេចបានត្រីមាសទី១ និងលើកទិសដៅអនុវត្តត្រីមាសទី២”

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ និងលើកទិសដៅ អនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ នាពេលនេះ។ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ខ្ញុំសូមស្វាគមន៍ និងថ្លែង អំណរគុណដោយស្មោះចំពោះកម្មវិធីអភិវឌ្ឍន៍ជំនាញស្វីសខុនថាក់សម្រាប់ការជួយគាំទ្រដល់ដំណើគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃនូវវឌ្ឍនភាពការងារសម្រេចបានត្រី មាសទី១ ឆ្នាំ២០២៤ និងកិច្ចការងារស្ថិតក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) បន្តបន្ទាប់ទៀតរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង និងលេខាធិការដ្ឋាន។ ការគាំទ្រដល់ដំណើការនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តនេះ នឹងជួយកាន់តែខ្លាំងនូវប្រសិទ្ធភាពការងារលើវិស័យ អ.ប.វ។
រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃ ព្រះរាជាណាចក្រកម្ពុជានិងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលភាគច្រើនសុទ្ធតែជាយុវជនវ័យ ក្មេងប្រកបដោយសក្តានុពល សមត្ថភាព និងឆន្ទៈមនសិការជាតិខ្ពស់ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញនៅ ខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុចដែលនឹងត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៤នេះ ក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជាជាមូលធនមនុស្សដែលជាធនធានជន្ទល់សម្រាប់គាំទ្រ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
អង្គពិធីជាទីមេត្រី! កិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពី វឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ និងលើកទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយយើងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាសភាពនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត កោះកុង ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុកទាំង០៧ មេឃុំ ចៅសង្កាត់នៃស្រុកទាំង០៧ មន្ត្រីសម្របសម្រួលនៃអង្គការស្វីសខនថាក់ និងតំណាងក្រុមហ៊ុននៃតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្នុងគោលបំណងស្វែងយល់កាន់តែស៊ីជម្រៅនៃយន្តការសម្របសម្រួលនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ការអនុវត្តកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ការចុះផ្សព្វផ្សាយ និងជ្រើសរើសសិស្ស និងកិច្ចសហប្រតិបត្តិការនានា ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត កោះកុងដែលជាលេខាធិការដ្ឋានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត និងជាប្រតិបត្តិករផ្ទាល់ទទួលបានផែនការបណ្តុះបណ្តាលដល់យុវជនគោលដៅមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ចំនួន ៣៦០ នាក់។ សម្រាប់ជំហានទី១នេះ វិទ្យាស្ថានទទួលបានសិស្សសរុបចំនួន ១៥៨ នាក់ ស្រី ៣២ នាក់ ដែលកំពុងទទួល ការបណ្តុះបណ្តាលលើជំនាញចំនួន ៣ មានដូចជា ១.ការងារកំបោរ ២.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និង ៣.ការថែទាំ និងជួសជុលរថយន្ត ។ វិទ្យាស្ថានបានផ្សព្វផ្សាយនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សម្រាប់ជំហានទី១។ សម្រាប់ ជំហានទី២វិញ វិទ្យាស្ថានបានដាក់ផែនការជ្រើសរើសសិស្ស ១,៥ លាននាក់ ចំនួន ២១០ នាក់ ឱ្យទទួលបានការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៦ ជំនាញ ដោយបន្ថែមជំនាញថ្មី៣ជំនាញរួមមាន ១-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ២-ការថែទាំ និងជួសជុលរថយន្ត ៣-ការងារកំបោរ ៤-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៥-សេវាកម្មសម្អាងកាយ ៦-សេវាកម្មកាត់សក់បុរស។
ដើម្បីចូលរួមសម្រេចគោលបំណងគោលនយោបាយ និងចក្ខុវិស័យកម្ពុជាដ៏ធំធេងខាងលើ ទាមទារចាំបាច់ ឱ្យមានការចូលរួមយ៉ាងមុះមុតពីគ្រប់តួអង្គពាក់ព័ន្ធ គ្រប់កម្រិត ចូលរួមពង្រឹងគុណភាពនៃការអភិវឌ្ឍន៍ជំនាញកម្ពុជា ឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត សំដៅចូលរួមរក្សា និងជំរុញ កំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែងក៏ដូចជាការអភិវឌ្ឍប្រកបដោយជ័យភាព។ នៅកម្រិតជាតិ យើងមានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងកម្រិតក្រោមជាតិ យើងមានគណៈកម្មាធិការបណ្តុះបណ្តាល

រាជធានីខេត្ត ដែលមានការចូលរួមពីគ្រប់តួអង្គអភិវឌ្ឍន៍ពីវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមអភិវឌ្ឍន៍មូលធនមនុស្សហើយមានគុណភាព និងប្រសិទ្ធភាព។ ចំណុចសំខាន់ ដើម្បីចូលរួមសម្រេចនូវគោល បំណងនេះមិនមែនមានតែគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ឬគ្រឹះស្ថាន អ.ប.វ តែឯងទេ ដែលអាចសម្រេច បានគោលបំណងនេះ គឺត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ អន្តរមន្ទីរ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ដែលមាន តួអង្គនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) ជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួលយន្តការប្រមូលផ្តុំ នេះ ដើម្បីសម្របសម្រួល និងសម្រេចបាននូវគោលដៅដែលបានកំណត់ ជាពិសេស ដើម្បីឱ្យដំណើរការនៃគណៈកម្មាធិការបណ្តុះបណ្តាខេត្តកោះកុងឱ្យមានភាពប្រសិទ្ធភាពការងារខ្ពស់ ប្រទាក់ក្រឡា បត់បែន គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ស្របតាមបរិបទថ្មីនៃការវិវត្តនៃសង្គម និងសាកលលោក៕
ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ April 26, 2024

អត្ថបទទាក់ទង