លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្តអញ្ជើញពិនិត្យ និងផ្តល់សេវាកម្មចុះបញ្ជីជលយានគ្រប់ប្រភេទនៅកំពង់ផែក្រុងខេមរភូមិន្ទ ទល់មុខមន្ទីរសេដ្ឋកិច្ច។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា សារៈសំខាន់នៃការចុះបញ្ជីនាវានេសាទនេះ គឺក្នុងគោលដៅចម្បង ទី១ធ្វើបច្ចុប្បន្នភាព ក្នុងការគ្រប់គ្រងចំនួននាវានេសាទអោយបានជាក់លាក់ និងច្បាស់លាស់ ទី២ កាត់បន្ថយការនេសាទខុសច្បាប់ ទី៣- កាត់បន្ថយការនេសាទហួសកំរិត ទី៤- ធានាបានការគ្រប់គ្រងផលស្តុកក្នុងធម្មជាតិ និងទី៥- ដករបាំងពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប។
លោកស្រីអភិបាលរងខេត្ត បន្ថែមទៀតថា ក្រុមការងារពាក់ព័ន្ធទាំងអស់ បានរួមគ្នាបង្ខិតសេវាអោយគៀកជាមួយប្រជាពលរដ្ឋដោយសម្របសម្រួលនីតិវិធី និងឯកសារ អោយមានភាពសាមញ្ញា តែមានប្រសិទ្ធភាព។ កាត់បន្ថយការចំណាយពេលវេលា និងសាហ៊ុយធ្វើដំណើរ ស្នាក់នៅឡើងចុះច្រើនដងតាមរយៈច្រកចេញចូលសាលាខេត្ត។
អាជ្ញាធរខេត្តកោះកុង លើកឡើងដែរថា ប្រជានេសាទ ឬម្ចាស់ជលយានទាំងអស់ នឹងទទួលបានសិទ្ធិស្របច្បាប់ជាម្ចាស់កម្មសិទ្ធ ងាយស្រួលក្នុងការស្នើសុំប្រកបអាជីវកម្មផ្សេងៗ និងងាយស្រួលដល់ការស្រាវជ្រាវរក ក្នុងករណីមានចោរលួច ឬបាត់បង់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់។ តែករណីអ្នកជាប់កាតព្វកិច្ចពុំបានចុះបញ្ជីទេនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អាជ្ញាធរខេត្តកោះកុង និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធ បើកយុទ្ធនាការពិនិត្យចុះបញ្ជីជលយាននៅក្នុងក្រុងខេមរភូមិន្ទរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ក្រោយមកបន្តចុះទៅស្រុកគោលដៅចំនួន៥ទៀតក្នុងភូមិសាស្រ្តខេត្ត។
យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល បង្ហាញថា នៅឆ្នាំ២០១៨ ខេត្តកោះកុង មាននាវានេសាទសមុទ្រសរុបចំនួន៣.៣៩៦គ្រឿង ក្នុងនោះមាននាវានេសាទខ្នាតតូចជាង២ពាន់គ្រឿង នាវានេសាទខ្នាតមធ្យម៩៦២គ្រឿង និងនាវានេសាទខ្នាតធំ១០គ្រឿង៕