រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៧ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនាភូថង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីឧកញ៉ា លឹម បុក អនុប្រធានកិត្តិយសអនុសាខាស្រុកស្រែអំបិល សមាជិកអនុសាខា អាជ្ញាធរមូលដ្ឋាន បានផ្តល់អំណោយមនុស្សធម៌​ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៧គ្រួសារ ក្នុងនោះរលំទាំងស្រុង ១ខ្នងផ្ទះ នៅក្នុងឃុំស្រែអំបិល១០គ្រួសារ ឃុំបឹងព្រាវ៧គ្រួសារ  ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជាកិច្ចចាប់ផ្តើមលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខាបានឡើងបង្ហាញពី ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការចូលរួមទប់ស្តាត់ការប្រើប្រាស់ថង់ប្លាសស្ទិក និងការការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួបគ្រោះអគ្គិភ័យនេះដែលបណ្តាលឱ្យបាត់បង់ទ្រពសម្បត្តិអស់ជាច្រើន ។

ឯកឧត្តមក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យ មានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនថែរក្សាសុខភាព រស់នៅដោយមានអនាម័យ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស  ត្រីខកំប៉ុង១ឡូ ព្រមទាំងថវិកាសរុបចំនួន ១,៣០០,០០០ រៀល ដោយឡែកគ្រួសាររលំផ្ទះទាំងស្រុងថវិកា ១លានរៀល ។ ឧកញ៉ា លឹម បុក អនុប្រធានកិត្តិយសអនុសាខាស្រុកស្រែអំបិលឧបត្ថម្ភថវិកាបន្ថែម ៤លានរៀល និងអនុសាខាស្រុកស្រែអបិល ថវិកា ក្នុង១គ្រួសារៗ ៥ម៉ឹនរៀលផងដែរ ។

អត្ថបទទាក់ទង