រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីអង្គការ UNICEF រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ: អភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត

កោះកុង នារសៀលថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីអង្គការ UNICEF រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ: អភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត។


កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ សរុបចំនួន ៧៩នាក់ ស្រី៣៣នាក់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង បង្ហាញពីដំណើរការផ្សព្វផ្សាយ និងការជូនដំណឹងពីទំហំប្រាក់ឧបត្ថម្ភថ្មី ដល់មេឃុំ ចៅសង្កាត់ មន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយបន្តដល់មេភូមិ អនុភូមិ សមាជិកភូមិ ជាពិសេសអ្នកទទួលផល។

លោកជំទាវអភិបាល បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំមានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ អស់លោក លោកស្រី ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សាខាមូលនិធិជាតិជំនួយសង្គម ព្រមទាំង មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់។

យោងតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារសង្គមទៅដល់គ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះមានកម្មវិធីជាតិជំនួយសង្គមមួយចំនួនមានលក្ខណៈអចិន្រ្តៃយ៍ ហើយមួយចំនួនទៀតក៏បានបិទបញ្ចប់ទៅតាមកាលកំណត់ជាក់លាក់។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចាប់អនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។
ទន្ទឹមនឹងនេះ សាខាមូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិករ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននឹងកំពុងដំណើរការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្សេងៗដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមគូសបញ្ជាក់ថា កម្មវិធីរបស់យើងនាថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយពីទំហំសាច់ប្រាក់ឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់តួអង្គប្រតិបត្តិករតាមឃុំ សង្កាត់ ដើម្បីបន្តផ្សព្វផ្សាយទៅដល់អ្នកទទួលផល តាមខ្នងផ្ទះឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ចៀសវាងមានការយល់ច្រឡំណាមួយ។ ដើម្បីចៀសវាងនូវការយល់ច្រឡំនេះ នាងខ្ញុំសូមស្នើសុំដល់ លោក លោកស្រីអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត រដ្ឋបាលឃុំ-សង្កាត់ មេត្តាជួយផ្សព្វផ្សាយនូវស្មារតី នៃអនុក្រឹត្យថ្មីនេះឱ្យទូលំទូលាយនៅមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្សព្វផ្សាយឱ្យដល់មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជា អ្នកទទួលផលប្រយោជន៍ ពីកម្មវិធីនេះ។

អត្ថបទទាក់ទង