លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក គោលដៅ ក្នុងខេត្តកោះកុង ដើម្បីគាំទ្រដល់ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមតំណាងឱ្យ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាគណៈអធិបតី ជាមួយ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទទួលស្វាគមន៍អស់លោក លោកស្រី សមាជិក សមាជិកាដែលជាសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ដល់អាជ្ញាធរភូមិ ឃុំ ស្រុក គោលដៅ ដើម្បីគាំទ្រដល់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកោះកុង ដែលត្រូវសម្រេចបញ្ចប់ចំនួន ៥៦,៦៨២ក្បាលដី ដែលនៅសេសសល់ក្នុង ខេត្តកោះកុងរបស់យើង នាពេលនេះ។
តាងនាមឱ្យក្រុមប្រឹក្សាខេត្ត ជំនួសមុខឱ្យគណៈអភិបាលខេត្ត និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស សំដៅពង្រឹងសមត្ថភាពជំនាញ បង្កើនការទទួលខុសត្រូវចំពោះតួនាទី និងភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិប្រកបដោយប្រសិទ្ឋភាពខ្ពស់។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ឱកាសបង្កើនសមត្ថភាពចំណេះដឹងដល់មន្ត្រីភូមិបាលក្រុង ស្រុក និងមន្ត្រីស្ម័គ្រចិត្ត នៅក្នុងខេត្តកោះកុង តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលថ្មីនេះ ដែលជាចំណេះដឹងថ្មីបន្ថែមដើម្បីឱ្យការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ មានភាពសុក្រឹត ទាំងការងារបច្ចេកទេស និងតាមនីតិវិធីផ្លូវច្បាប់ត្រឹមត្រូវ ក៏ដូចជាការររួមចំណែកក្នុងការធ្វើឡើងនូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ឋភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអណត្តិទី៧ នៃរដ្ឋសភា និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រប់អនុវត្ត។
ថ្ងៃនេះក្នុងនាមតំណាងលោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត សូមសំដែងនូវមនោសញ្ចេតនា និងសេចក្តីរីករាយ ដោយសង្ឃឹមយ៉ាងជឿជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុកគោលដៅ ដើម្បីគាំទ្រដល់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលនេះ នឹងទទួលបាននូវចំណេះដឹងលម្អិត ស៊ីជម្រៅទៅលើតួនាទី និងភារកិច្ចរបស់ក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដោយសហការជាមួយអាជ្ញាធរដែនដី ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការចូលរួមចំណែក និងជួយជំរុញឲ្យដំណើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទទួលបាននូវលទ្ឋផលល្អ និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋខេត្តកោះកុងយើងនាពេលខាងមុខឆាប់ៗនេះ។
ជាថ្មីម្តងទៀត ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមទីប្រឹក្សា លោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន គ្រូបង្គោល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី, លោកប្រធានអនុប្រធានមន្ទីរ លោក លោកស្រីអភិបាល អភិបាលរងស្រុក លោក លោកស្រីមេឃុំ និងអស់លោកលោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន អញ្ជើញចូលរួមក្នុងវគ្គផ្សព្វផ្សាយដ៏មានសារៈសំខាន់នាព្រឹកនេះ។ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រី ព្រមទាំងសិក្ខាកាមទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត និងសូមឱ្យការធ្វើដំណើរត្រឡប់របស់គណៈប្រតិភូ និងសិក្ខាកាមទាំងអស់ប្រកបដោយសុវត្ថិភាពខ្ពស់។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោក លោកស្រី ព្រមទាំងសិក្ខាកាមទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !
ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ December 29, 2023
ទិវានយោបាយឈ្នះ ឈ្នះ (Win-win Policy Day)