រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៧៥ គ្រួសារ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៧៥ គ្រួសារ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខ លោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តី រីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ក្នុងពិធីចែកអំណោយជាសម្ភារឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៧៥គ្រួសារ ក្នុងសង្កាត់ទាំង៣ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះ លោក អល អាត់គ្រី នាយកប្រតិបត្តិអង្គការ មូលនិធិអ៊ីម៉ានកម្ពុជា ដែលបានខិតខំធ្វើការទំនាក់ទំនង និងសហការជាមួយសប្បុរសជនក្រៅប្រទេស និងសូមថ្លែងអំណរគុណចំពោះ លោកស្រីបណ្ឌិត អាហ្ស៊ីហ្សុះ សាប៉ារី (AZIZAH SAPARI) តំណាងសប្បុរសជនប្រទេសសឹង្ហបុរី ដែលបានខិតខំកៀរគរសប្បុរសជននៃប្រទេសសឹង្ហបុរី ស្វែងរកជំនួយនានា មកជួយដល់បងប្អូនប្រជាពលរដ្ឋយើងដែលមានជីវភាពខ្វះខាត។អំណោយមនុស្សធ៌មខាងលើនេះ គឺជាគុណតម្លៃដ៏ថ្លៃថ្លាសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាននៅទីនេះ និងជាអំណោយដ៏ល្អប្រពៃដែលបានចូលរួមសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការងារគាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គម រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួសង្គមផ្សេងៗទៀត សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងបានជួយសម្រាលនូវការលំបាក របស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស។
អង្គពិធីទាំងមូលជាទីមេតី ! ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំអបអរសាទរ និងកោតសសើរចំពោះបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមទាំងអស់ ដែលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងមូលដ្ឋានរបស់យើងប្រកបដោយក្តីសុខសុភមង្គល មានជីវភាពសមរម្យជាលំដាប់ក្រោមដំបូលសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអរគុណ ចំពោះបងប្អូនទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយបានទៅបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។
នៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ គឺជាទិវាខួបលើកទី៤៥ ថ្ងៃជ័យជំនះ ៧ មករា ដែលជាថ្ងៃ កំណើតទី២របស់យើង ហើយជាថ្ងៃមួយដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ សមដូចពាក្យស្លោក ដែលលើកឡើងថាៈ មាន ២ធ្នូ ទើបមាន ៧មករា , មាន៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។ ពេលនេះ យើងបានកំពុងរៀបចំពិធីចែកអំណោយជូនជូនប្រជាពលរដ្ឋ ដោយក្រុមការងារនៃអង្គការមូលនិធិស៊ីម៉ានកម្ពុជា បាននាំមកនូវអំណោយជាសម្ភារ គ្រឿងឧបភោគនិងបរិភោគ ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន៥៧៥គ្រួសារ មកពីសង្កាត់ទាំង៣នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយទទួលបានពីសប្បុរសជននៃប្រទេសសឹង្ហបុរី ដែលមានតម្លៃសរុបចំនួន ១២,៣៣៦ដុល្លារ(ដប់ពីរពាន់ បីរយសាមសិបប្រាំមួយ ដុល្លារសហរដ្ឋអាមេរិច)។
នាងខ្ញុំសង្ឃឹមថា អង្គការមូលនិធីអីម៉ានកម្ពុជា នឹងខិតខំកៀរគរសប្បុរសជននៃប្រទេសសឹង្ហបូរី បន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធ៌មនេះ ហើយបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតក៏នឹងមានឱកាសទទួលបានអំណោយជាបន្តបន្ទាប់ តាមរយៈអង្គការមូលនិធីអ៊ីម៉ានកម្ពុជានាពេលខាងមុខ។
មុននឹងបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត អាហ្ស៊ីហ្សុះ សាប៉ារី តំណាងសប្បុរសជននៃប្រទេសសឹង្ហបុរី ព្រមទាំងសប្បុរសជនទាំងអស់ លោក អេល អាត់គ្រី នាយកប្រតិបត្តិអង្គការមូលនិធិអ៊ីម៉ានកម្ពុជា និងសហការីទាំងអស់ ព្រមទាំង អស់លោក លោកស្រី ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងកម្មវីធីចែកអំណោយនាពេលនេះ និងសូមគោរពជូនពរ លោកសី បណ្ឌិត អស់លោក លោកស្រី និងសហការី ព្រមទាំងលោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរជ័យទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ និងពរជ័យពី ព្រះអាឡោះ សូមឱ្យបងប្អូនសាសនិកឥស្លាមជួបតែស្លាម៉ាត់(សុខសប្បាយ) រ៉ស់ម៉ាត់(សុខភាពល្អ) និង ពើរ៉ឺកាត់(ចំរុងចម្រើន) កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !
ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ December 25, 2023

អត្ថបទទាក់ទង