រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣)

លោកជំទាវអភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ក្រុមកីឡាករ កីឡាការនីទាំងអស់ក្នុង ព្រឹត្តិការណ៍“ ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣) ”នាពេលនេះ។ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មបាំង ប្អូនៗក្មួយយុវជនសហភាពសហព័ន្ធកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍នេះយ៉ាងល្អប្រសើរ និងមានដំណើរការប្រកបដោយរលូន ទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានអង្គការ សមាគម ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និងសាធារណជន ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ ក្នុងដំណើរការនៃការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង នៅលើទឹកដីនៃស្រុកថ្មបាំង ខេត្តកោះកុង នាពេលនេះ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួល បានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យ មួយដែលរាជរដ្ឋាភិបាលបានគិតគូរ និងបានយកចិត្តទុកដាក់ផងដែរ។ ជាក់ស្ដែង សម្ដេចតេជោ បានមានប្រសាសន៍ ស្នើដល់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើ ពិពិធកម្មសកម្មភាពកីឡាឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅតាមបណ្តាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និង បង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ ទុកជាប្រភេទ ទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខ សន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។
ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាយើងទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ ដោយបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក បានស្គាល់តាមរយៈការ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួ នាទីជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២នេះ ផងដែរ។ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកោះកុង និងដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣) រដ្ឋបាលខេត្ត កោះកុង បានសហការជាមួយរដ្ឋបាលស្រុកថ្មបាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្ត ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងស្របតាម ឮ"យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣” ដែលបានដាក់ឱ្យដំណើរការ នៅឆ្នាំ២០២១ ដែលនេះជាយុទ្ធសាស្ត្ររួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមលើកឡើងអំពីអត្ថប្រយោជន៍នៃការជិះកង់ជូនអង្គពិធីទាំងមូលបាន ជ្រាបបន្តិចថា ការជិះកង់ គឺជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រង ឬកាត់បន្ថយទម្ងន់ ព្រោះវាជួយបង្កើន អត្រាមេតាបូលីសក្នុងខ្លួនយើងម្នាក់ បង្កើតសាច់ដុំ និងដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។ ការជិះកង់ គឺជាទម្រង់នៃការហាត់ប្រាណដ៏មានផាសុកភាព ហើយអ្នកអាចផ្លាស់ប្តូរពេលវេលា និងបរិមាណនៃរបបអាហារ វាអាចត្រូវបានបង្កើតឡើងយឺតៗ និងផ្លាស់ប្ដូរទៅតាមតម្រូវការរបស់អ្នក។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រសិនបើអ្នកជិះកង់ហាត់ប្រាណបានមួយសប្តាហ៍អាចដុតជាតិខ្លាញ់នៅក្នុងខ្លួនយ៉ាងហោចណាស់ ៨,៤០០គីឡូស៊ូល(ប្រហែលជា២,០០០កាឡូរី)ក្នុងមួយសប្ដាហ៍ និងក្នុងមួយម៉ោងអាចដុតបំផ្លាញ ប្រហែល១,២០០គីឡូស៊ូល (ប្រហែលជា ៣០០កាឡូរី) ដែលអាចជួយការពារអ្នកពីជំងឺធ្ងន់ធ្ងរដូចជា ជំងឺ ធាត់ បេះដូង មហារីក ផ្លូវចិត្ត ទឹកនោមផ្អែម និងជំងឺរលាកសន្លាក់។ ការជិះកង់ជាទៀងទាត់ គឺជាលំហាត់ ប្រាណអាចធ្វើឱ្យសុខភាពល្អសម្រាប់មនុស្សគ្រប់វ័យ មិនថាកុមារតូចៗ ឬមនុស្សចាស់ឡើយ ហើយវាក៏ល្អ សម្រាប់បរិស្ថាន។
មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត នាងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងសូមអរគុណ ចំពោះ ក្រុមការងារ នៃរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមរៀបចំ ព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្តនេះ និងសូមគោរពថ្លែងអរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានអង្គការ សមាគម ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និងសាធារណជន ដែលបានអញ្ជើញមកចូលរួម និងឧបត្ថម្ភគាំទ្រ ក្នុងដំណើរការនៃការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ប្រកបដោយជោគជ័យគួរជាទីមោទកៈ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរជ័យសេរីមង្គលបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទព្រឹត្តិការណ៍ ប្រណាំងកង់ និងជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣) ចាប់ពីពេលនេះតទៅ ។ សូមអរគុណ !
ថ្ងៃអាទិត្យ ១២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ December 24, 2023

default
default
default
default
default
default
default
default

អត្ថបទទាក់ទង