លោក ឈេង សុវណ្ណដា អភិបាលស្តីទី ខេត្តកោះកុង បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រ អក្សរភ្លេង និងតន្រ្តីមូលដ្ឋាន របស់សិស្សានុសិស្ស នៃវិទ្យាល័យប៉ាក់ខ្លង វិទ្យាល័យ ហ៊ុន សែន ចាំយាម និងសាលាខេមរសាមគ្គី ។
លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ថ្ងៃនេះខ្ញុំបាទ ព្រមទាំងសហការីទាំងអស់នៅទីនេះ សូមសម្ដែងនូវការស្វាគមន៍ និងសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាធិបតីជាមួយអស់លោក លោកស្រី ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិស្សានុសិស្ស ដែលបានប្រឡងបញ្ចប់ដោយជោគជ័យនូវវគ្គ អក្សរភ្លេងនិងតន្ត្រីមូលដ្ឋាន វគ្គ៣, ៤ និងវគ្គ៥ នៃ វិទ្យាល័យប៉ាក់ខ្លង វិទ្យាល័យចាំយាម និងសាលាខេមរសាមគ្គី ព្រមទាំងសូមចូលរួមអបអរសាទរ ដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំង ៣៨នាក់ ដែលទទួលបាននូវសមិទ្ធិផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ពោលគឺបាន ទទួលនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានាពេលនេះ។ ឆ្លៀតក្នុងក្នុងឱកាសនេះ ខ្ញុំក៏សូមធ្វើការកោតសរសើរដល់លោកគូ អ្នកគ្រូ នៃសាលាទាំង៣ ដែលបានផ្ដល់ឱកាសដល់ប្អូនៗក្មួយៗបានចូលសិក្សានូវវគ្គអក្សរភ្លេង និងតន្ត្រីមូលដ្ឋាននេះ ជាពិសេស ខ្ញុំសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោកគ្រូ វីរៈ មុនទ្រីវង្ស អតីតលោកគ្រូ នៃសាលាខ្លងយ៉ៃវិទ្យាគមន៍ និងជាលោកគ្រូបង្ហាត់ប្អូនៗក្មួយៗផ្ទាល់ ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ក្នុងការមកបង្ហាត់បង្រៀនប្អូនៗក្មួយៗអំពីអក្សរភ្លេង និងតន្ត្រីមូលដ្ឋាន ដល់ខេត្តកោះកុង រហូតដល់ប្អូនៗក្មួយៗ ឈានមកដល់ការជោគជ័យ១ជំហ៊ាន នាពេលនេះ។
ជាថ្មីម្ដងទៀត ខ្ញុំសូមកើតសរសើរ ថ្លែងអំណរគុណ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំង លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សខ្លួនឯងផ្ទាល់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងបង្ហាត់បង្រៀនអក្សរភ្លេង និងតន្ត្រីមូលដ្ឋាននេះ ឬក៏កិច្ចសហប្រតិបត្តិការលើវិស័យអប់រំផ្សេងទៀត រវាងខេត្តយើងទាំងពីរ (កោះកុង-ត្រាត) នៅតែមានបន្តៗទៀត ដើម្បីជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជា ជួយ លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសយើងទាំងពីរ (កម្ពុជា-ថៃ)។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ ទទួលបាន ជោគជ័យលើកិច្ចការថ្មីៗបន្តទៀត និងសូមជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ December 21, 2023




























































