លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់សណ្ឋាគារវិស្សមកាល បឹងសុបិនតារា TUI BLUE ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ នាងខ្ញុំតំណាងរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានធ្វើជាសក្ខីភាព ក្នុងពិធីបើកការដ្ឋានសាងសង់សណ្ឋាគារវិស្សមកាលបឹងសុបិនតារា (TUI BLUE)។ ក្នុងឱកាសនេះ នាងខ្ញុំសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមពិធីសម្ពោធនេះ។ សណ្ឋាគារដែលមានស្តង់ដាលំដាប់ផ្កាយ គឺជាលក្ខខណ្ឌចម្បងសម្រាប់វាស់កម្រិតសេវាកម្ម នៃតំបន់មួយ ហើយក៏ជានិមិត្តសញ្ញាដ៏សំខាន់ នៃកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់មួយផងដែរ។ សណ្ឋាគារបឹងសុបិនតារា (TUI BLUE) ជាសមិទ្ធិផលដ៏សំខាន់មួយបន្ថែមទៀត ក្នុងការផ្សព្វផ្សាយស្វែងរកដៃគូវិនិយោគរបស់តារាសាគរ ហើយដែលគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ និងត្រៀមលក្ខណៈបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២៤ខាងមុខនេះ។ នាងខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នឹងមានសមត្ថភាពស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកំសាន្ត និងសម្រាកលំហែរនៅតំបន់តារាសាគរនេះកាន់តែច្រើនបន្ថែមទៀត ហើយនឹងក្លាយជាគម្រោងដ៏សំខាន់សម្រាប់ជម្រុញការវិនិយោគនៅក្នុងខេត្តកោះកុងយើងខ្ញុំផងដែរ។
ជាមួយគ្នានេះ នាងខ្ញុំសង្ឃឹមថា អ្នកសាងសង់គម្រោងនឹងបង្ហាញនូវគុណសម្បត្តិរបស់ខ្លួនឱ្យអស់ពីសមត្ថភាពក្នុងការពង្រឹងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពការសាងសង់ ជាមួយនឹងចំណុចចាប់ផ្តើមខ្ពស់ មានស្តង់ដាខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការកសាងសណ្ឋាគារបឹងសុបិនតារា (TUI BLUE) ទៅជាគម្រោងគំរូសម្រាប់ផ្សព្វផ្សាយស្វែងរកដៃគូវិនិយោគផ្សេងៗពិសេសសម្រាប់គម្រោងសណ្ឋាគារវិស្សមកាល ជាគម្រោងនិមិត្តរូបដែលមានលក្ខណៈពិសេសតែមួយគត់ក្នុងខេត្តកោះកុង។ ជាចុងបញ្ចប់ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់នូវពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរគុណ!
ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ December 14, 2023






























































