សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទិងអបអរសាទរ ខួបអនុស្សារីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា
សម្តេចពិជ័យសេនា បានលើកឡើង ថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំង ប្រជាពលរដ្ឋ នៅតាមជាយក្រុងដែលទើប និងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅ បានដោយបង្កបង្កើន ផលកសិកម្ម ។
សម្តេច បានបន្តថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្ស នៃកម្លាំងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្ស ទាំងមូល អាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍ ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលសហជីពកម្មករ សង្គ្រោះជាតិកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ។ ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាព ចេញពីបាតដៃទទេ កម្មករនិយោជិតទាំងចាស់ទាំងថ្មី ដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករ អន្តរជាតិជាមិត្ត ជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ច របស់ខ្លួនក្នុងចលនាស្នេហាជាតិ យ៉ាងសស្រាក់ សស្រាំ ទូទាំងប្រទេស ។ ប៉ុន្មានឆ្នាំប៉ុណ្ណោះ ផែនការជាតិជាច្រើនត្រូវបានអនុវត្តសម្រេចសមិទ្ធិផលធំៗជាស្នាដៃរួម របស់ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានកើតឡើង ជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ អប់រំ សុខាភិបាល ។ល។ ដែលជាសន្ទុះ និងសមិទ្ធិផលនៃស្នាដៃ ទាំងនោះបានរួមចំណែក ក្នុងជំហានរីកចំរើនរបស់មាតុភូមិកម្ពុជា យ៉ាងពិតប្រាកដ៕
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ December 6, 2023






































































