លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានទទួលជួបប្រជុំ ជាមួយប្រតិភូអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សៅ ប្រសិទ្ធ ប្រធាននាយកដ្ឋានអធិការកិច្ច និងកិច្ចការរដ្ឋបាល ដើម្បីពិនិត្យ និងចុះស្រាវជ្រាវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន The Cambodiadaily ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ត្រី ក្នុងពន្ធនាគារខេត្តកោះកុង។
ជាលទ្ធផល គឺមិនដូចតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន The Cambodiadaily ឡើយ។ ប៉ុន្តែបានឃើញថាជាកំហុសតិចតួចដូចជា៖
-សិប្បកម្មកែឆ្នៃឈើមានទ្រង់ទ្រាយធំបង្គួនៅពីក្រោយពន្ធនាគារ ដោយមិនមានរបងបិទបាំង។ សូមអោយមានការកែលម្អ
-បានយកទណ្ឌិតចេញពីពន្ធនាគារដើម្បីធ្វើការងារសង្គម និងលើកដាក់ម្ហូបអាហារដែលទិញជាប្រចាំថ្ងៃពីផ្សា មិនបានសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាខេត្ត។សុំអោយកែលម្អ
ក្រោយពីបានលើកពីលទ្ធផលនៃអធិការកិច្ចរួចមក ក្រុមការងារអធិការកិច្ច ក៏បានសំណូមពរអោយរដ្ឋបាលខេត្តធ្វើការបកស្រាយតាមផេកហ្វេសបុករបស់រដ្ឋបាលខេត្តដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ពន្ធនាគរខេត្តមិនដូចអ្វីដែល cambodiadaily បានចុះផ្សាយនោះឡើយ។
ជាការឆ្លើយតប លោកអភិបាលរងខេត្ត បានសម្តែងនូវសេចក្តីសាទរចំពោះលទ្ធផល ស្តីពីរបាយការណ៍ចុះធ្វើអធិការកិច្ចក្នុងពន្ធនាគារខេត្ត និងសូមទទួលយក ដើម្បីកោះអញ្ជើញប្រជុំពិភាក្សាបន្ថែម ដើម្បីកែលម្អ និងសម្រួលនូវចំណុចខ្វះខាតមួយចំនួន ជាមួយពន្ធនាគារខេត្ត និងអ្នកពាក់ព័ន្ធ។ ចំពោះការចុះផ្សាយពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចនេះ លោកអភិបាលរងខេត្ត ក៏បានស្នើសូមលោកប្រធានប្រតិភូអធិការកិច្ច ស្នើសុំការសេចក្តីអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីធ្វើ ការផ្សព្វផ្សាយ ឬឆ្លើយតប ហើយរដ្ឋបាលខេត្ត នឹងបន្តផ្សព្វផ្សាយចែកចាយឲ្យបានទូលំទូលាយ នៅគេហទំព័រនានារបស់រដ្ឋបាលខេត្តបន្តទៀត៕
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។









