លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ លោកជំទាវអភិបាលខេត្ត បានអានខ្លឹមសារទាំងស្រុង នូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើក បវសនកាលឆ្នាំសិក្សា ២០២៣-២០២៤។ លោកជំទាវអភិបាលខេត្ត បានមានមតិប្រសាសន៍ផ្តាំផ្ញើ ដល់ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ។ ចំណែកឯ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។ បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូន សម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការ បណ្ណាល័យនៅតាមសាលារៀនចូលរួមក្នុងការអភិវឌ្ឍសាលារៀននិងគាំទ្រដល់គ្រូបង្រៀន តាមគ្រប់ លទ្ធភាព។ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ៦.០០០.០០០ រៀល ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យ ហ៊ុន សែន ចំការលើ ដើម្បីឲ្យវិទ្យាល័យខាងលើនេះ កាន់តែមានសោភ័ណ្ឌភាពកាន់តែមានភាពទាក់ទាញ ។ ដោយមានការចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោះកុង អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានអង្គភាពចំណុះសាលាស្រុក ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាឃុំថ្មស មេភូមិចំការ លោកគ្រូអ្នកគ្រូ មាតាបិតានិងសិស្សានុសិស្សសរុបប្រមាណ ២៥០នាក់ ស្រី១១០នាក់ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក