លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធអំណាច របស់ការិយាល័យប្រជាពលរដ្ឋខត្តកោះកុង ជូនដល់សាស្ត្រាចារ្យ និងនិស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត នាងខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោក លោកស្រី សាស្ត្រាចារ្យ និងបងប្អូននិស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង នាថ្ងៃនេះ។
ជួសមុខឱ្យរដ្ឋបាលខេត្ត នាងខ្ញុំសូមសំដែងនូវសេចក្ដីរីករាយក្រៃលែងនិងអរគុណចំពោះ លោកប្រធាន អនុប្រធាន និងមន្ត្រីបុគ្គលិកនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលបាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយក នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ ការិយាល័យប្រជាពលរដ្ឋខេត្តក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ។
លោក លោកស្រី ជាទីមេត្រី ! ឆ្លៀតឱកាសនេះ នាងខ្ញុំ សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យ លេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋ បាលថ្នាក់ក្រោមជាតិ។ ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួលសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចំណុចនេះ លោកស្រីអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តក៏បានបញ្ជាក់ជូនរួចហើយនា ពេលអំបាញ់មិញនេះ។ តាមរយៈរបាយការណ៍នេះផងដែរ យើងឃើញថាការិយាល័យប្រជាពលរដ្ឋខេត្ត បានបំពេញការងារប្រកបដោយផ្លែផ្កាជាច្រើននាពេលកន្លងមក។ លទ្ធផលទាំងនេះបានស្តែង ឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ដ្រីនៃការិយាល័យប្រជាពលរដ្ឋខេត្ត ក៏ដូចជាបញ្ជាក់អំពីកិច្ចសហការពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលដែនដីគ្រប់ថ្នាក់ផងដែរ។
ទោះបីជា យើងទទួលបានលទ្ធផលដូចបានរៀបរាប់ខាងលើ ក៏ការយល់ដឹងរបស់មន្ត្រីរាជការនិងប្រជាពលរដ្ឋអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ការិយាល័យប្រជាពលរដ្ឋ នៅមានកម្រិតនៅឡើយ។ ប្រការនេះ ទាមទារឱ្យមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា និងសាធារណជនទូទៅ ឱ្យបានយល់ជ្រួតជ្រាប និងឈានទៅចូលរួមចំណែកទាំងអស់គ្នា ដើម្បីសម្រេចបាននូវគោលបំណងរួម ដែលរាជរដ្ឋាភិបាលបានដាក់ចេញសំដៅបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
នៅពេលបន្តិចទៀតនេះ វាគ្មិននៃការិយាល័យប្រជាពលរដ្ឋខេត្ត នឹងធ្វើការផ្សព្វផ្សាយជូននូវ ខ្លឹមសារសំខាន់ៗនៃឯកសារពាក់ព័ន្ធនានា។ ហេតុដូច្នេះ ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ ទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ ខ្ញុំសូមស្នើដល់សមាជិកសមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារ នៃបទបង្ហាញនីមួយៗ។ ចំពោះចំណុចណា ដែលមិនទាន់យល់ច្បាស់ ត្រូវលើកឡើងជាសំណួរ ដើម្បីអ្នកសម្របសម្រួលអង្គប្រជុំ ជួយបំភ្លឺបន្ថែម ឱ្យយល់កាន់តែច្បាស់ទាំងអស់គ្នា។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យជូន គណៈអធិបតី និងសមាជិក សមាជិកាទាំងអស់ សូមទទួលបានសេចក្ដីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យដំណើរការនៃកិច្ច ប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅឱ្យរលូន ស្របតាមកម្មវិធីដែលបានគ្រោងទុក។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិ អំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោក លោកស្រី សាស្ត្រាចារ្យ និងបងប្អូន និស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕
ថ្ងៃអាទិត្យ ៧ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ November 19, 2023