ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹកនៅសាលប្រជុំសាលាស្រុកកោះកុង ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក អធិការ មេបញ្ជាការរង លោកលោកស្រីមេឃុំទាំង៤ ប៉ុស្ដិ៍រដ្ឋបាលឃុំទាំងបួន សរុបចំនួន ៣៤នាក់ ស្រី ០៤នាក់។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាល បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំ ត្រូវបន្តធ្វើការចាក់មេក្រូផ្សព្វផ្សាយ និងចុះផ្សព្វផ្សាយតាមខ្នងផ្ទះនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធីសាស្ត្រការពារ និងប្រយុទ្ធប្រឆាំងនឹងCovid-19 ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់ច្បាស់អំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 ជាពិសេសណែនាំឱ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន។
- របៀបវារៈនៃកិច្ចប្រជុំ
១. ការបើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. អនុម័តរបៀបវារៈ
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង
៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកកោះកុង
៦. បញ្ហាផ្សេងៗ
៧. បិទកម្មវិធី
ប្រភព ៖ អ៊ឹង បឺត