រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុ និយម អមដំណើរដោយ លោក សាញ់ មុនី រ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងលើការងារដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្តស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង

នៅ ថ្ងៃចន្ទ   ១១កើត   ខែភទ្របទ    ឆ្នាំថោះ ចត្វាស័ក   ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុ និយម អមដំណើរដោយ លោក សាញ់ មុនី រ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងលើការងារដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្តស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យការងារ៖

១-ការជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តទំនប់ការពារទឹកប្រៃជីត្រេះ មានទីតាំងស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ប្រភពទឹកភ្លៀងដើម្បីស្រោចស្រព ដែលទំនប់មានប្រវែង ៧.៨០០ម៉ែត្រ  បម្រើឱ្យការស្រោចស្រពផ្ទៃដីស្រូវរដូវវស្សា ៥០៨ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ១៦០គ្រួសារ ដំណាំរួមផ្សំ ១៥០ហិកតា និងសត្វពាហនៈ។

២-ការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃជីមាល មានទីតាំងស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ប្រភពទឹកភ្លៀងដើម្បីស្រោចស្រព ដែលទំនប់មានប្រវែង ៣.៤៨៩ម៉ែត្រ ប្រព័ន្ធប្រឡាយសរុបប្រវែង ៤០៩១ម៉ែត្រ បម្រើឱ្យការស្រោចស្រពស្រូវរដូវវស្សា ៥១២ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ 619គ្រួសារ ដំណាំរួមផ្សំ 20ហិកតា និងសត្វពាហនៈ។ ពិនិត្យសកម្មភាពកំពុងជួសជុលទ្វារទឹកដែលបានខូច ដែលបង្កដោយជនអាណាមិក។

      បើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង   អំពីទំនប់ការពារទឹកប្រៃ  គឺមានអត្ថប្រយោជន៏រក្សាទឹកទុកសម្រាប់បង្កបង្កើនផលផង  និងការពារទប់ទឹកប្រៃមិនអោយហូរចូលស្រែ ។

អត្ថបទទាក់ទង