លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គមជាមួយមន្ត្រីបង្គោលយេនឌ័រតាមវិស័យ។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាម លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធិបតីក្នុង ស្ដីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គមជាមួយមន្ត្រីបង្គោលយេនតាមវិស័យ និង សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំ សំដែងនូវការកោតសរសើរចំពោះ ថ្នាក់នាំគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត មន្ទីរកិច្ចការនារី មន្ត្រីបង្គោលតាមមន្ទីរអង្គភាព និងបងប្អូននារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ក្នុងការរួមចំណែក លើកកំពស់ការបញ្ជ្រាប យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។ ខ្ញុំសូមរំលឹកជូនថា ដោយបន្តពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានកំណត់ច្បាស់ ក្នុង មុំទី១ នៃបញ្ចកោណទី៤ ថា : បង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីគ្រួសារ និងចំនួនកូន កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រទៅលើស្រ្តី និងក្មេងស្រី និងលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ ដូចគ្នាដែរ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ផែនការតាមវិស័យ ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ និងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តយើង ក៏មានចែងអំពី បញ្ហាយេនឌ័រនេះផងដែរ។
កិច្ចប្រជុំលើកនេះ ក៏មិនខុសពីកិច្ចប្រជុំមុនៗដែរ យើងទាំងអស់គ្នា នឹងរួមគ្នាគិតគូរ និងបន្តខិតខំរួមគ្នា ដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល របស់ គ.ជ.អ.ប និង របស់ក្រសួងកិច្ចការនារី ដែលបានកំណត់។
ខ្ញុំសូមស្នើ សមាជិកនៃកិច្ចប្រជុំទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារបទឧទ្ទេសនាម និងចូលរួមពិភាក្សា ផ្លាស់ប្ដូរ យោបល់គ្នា ដើម្បីទទួលបានព័ត៌មាន បទពិសោធន៍ និងចែករំលែកគ្នាទៅវិញទៅមកទាក់ទងនឹងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។ ការផ្តល់មតិយោបល់ និងការពិភាក្សាពាក់ព័ន្ធ នឹងការងារការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងាររបស់លោក ស្រី លោក អ្នកនាងកញ្ញា ដែលបានអនុវត្តនាពេលកន្លងមក នឹងក្លាយជាធាតុចូលដែលមានសារៈសំខាន់ សម្រាប់ការបន្តអនុវត្តគោលនយោបាយអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរ បន្ថែមទៀត៕
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ September 19, 2023