លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តវិធានការលើសិស្សគេចសាលាមិនចូលសិក្សា និងការបង្រ្កាបក្មេងទំនើង នៅពេលយប់។
ជាលទ្ធផល នៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-ណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ចេញសេចក្ដីជូនដំណឹង ស្ដីពីវិធានការអនុវត្តលើសិស្សគេចសាលាមិនចូលសិក្សា ដោយណែនាំឱ្យអ្នកលក់ដូរ ដែលមានខ្ចុះបិទបាំងជិតសូមរើកន្លែងបិទបាំងមិនឱ្យឃើញភ្ញៀវចេញវិញ។
២-គ្រប់សាលាត្រូវផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចនៅពេលដែលអាជ្ញារធរនិងសមត្ថកិច្ចត្រូវអប់រំផ្សព្វផ្សាយ ជូនសិស្ស។
៣-ណែនាំឱ្យគ្រប់សាលាត្រូវមានប្រព័ន្ធទំនាក់ទំនងដូចជា Telegram, Facebook ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងធ្វើការងារជាមួយសមត្ថកិច្ច ដើម្បីបង្ហាញពីសមាសភាពក្រុមសិស្សដែលគេចសាលាមិនចូលសិក្សា។
៤-ពេលចុះអនុវត្តវិធានការចំពោះសិស្សគេចសាលាសមត្ថកិច្ចត្រូវសហការ ជាមួយអាជ្ញាធរដែនដី នាយកសាលា សារព័ត៍មាន ដើម្បីស្វែងរកសិស្សដែលគេចសាលាពិតប្រាកដ និងកុំឱ្យមាតាបិតា ដែលនៅតែកាន់ជើងសិស្សគេចសាលាយល់ច្រលំមកលើសមត្ថកិច្ច។
៥-ណែនាំឱ្យសម្ថកិច្ច និងអាជ្ញាធរត្រូវចុះបង្រ្កាបក្មេងទំនើងនៅយប់ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ដើម្បីយកទៅណែនាំ។
៦-ណែនាំឱ្យរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តចាប់សត្វពាហនៈ (គោ ក្របី) ពាស់វាលពាសកាល នៅតាមទីប្រជុំជន និងទីសាធារណៈឱ្យបានល្អ ដោយចាប់ផ្ដើមអនុវត្តពីទីប្រជុំជនមុន។
៧-ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តចុះបង្រ្កាបរាល់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលគ្មានច្បាប់ការអនុញ្ញាតត្រឹមត្រូវ៕
ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ September 12, 2023