លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ នៅខេត្តកោះកុង ដែលបានជាសះស្បើយពីជំងឺ Covid-19 នៅមន្ទីរពេទ្យខេត្តកោះកុង កំពុងរៀបចំអោយគាត់វិលត្រលប់ទៅផ្ទះវិញ ដើម្បីជួបជុំគ្រួសារថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការថែទាំ ការព្យាបាល ជាកត្តាចាំបាច់មួយ ប៉ុន្តែអ្វីដែលជាបញ្ហាអាទិភាពបំផុត គឺវិធានការការចម្លងថ្មី ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងការអបំរំការពារការចម្លង ព្រោះមេរោគកូរូណានេះឆ្លងណាស់តាមផ្លូវដង្ហេីម ហេីយមានប្រភេទ (serotype) ផ្សេងៗគ្នា និងកំរិតជាតិពុលរបស់វាក៏ខុសគ្នាដែរ។ ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ថែរក្សាអនាម័យ ជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោយឡែកព័ត៌មានពាក់ព័ន្ធ និងជំងឺ Covid-19 ត្រូវតាមដានជាប្រចាំតាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់៕