លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ដល់សិស្សានុសិស្ស ដែលនឹងត្រៀមប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣ ។
លោកជំទាវ បានលើកឡើងថា ថ្ងៃនេះជួសមុខឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង និងក្នុងនាមនាងខ្ញុំ ផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបាន ចូលរួមក្នុងពិធីបើកវគ្គបំប៉ន ដល់សិស្សានុសិស្សដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ ។
គួររំលឹកផងដែរថា នេះជាលើកទី០៦ ហើយសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានរៀបចំនូវវគ្គបំប៉ននេះឡើង ដើម្បីជាជំនួយដល់ក្មួយៗសិស្សានុសិស្ស ថ្នាក់ទី ១២ ត្រៀមប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ។ ដោយសារការរីករាលត្បាល នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១ ធ្វើឲ្យគ្រឹះស្ថានសិក្សា ទាំងឯកជន និងរដ្ឋ ត្រូវបានផ្អាកការសិក្សាមួយរយៈ ក្នុងការរៀបចំនូវវគ្គបំប៉នក៏ត្រូវបានផ្អាករយៈពេល ០២ ឆ្នាំ ជាប់ៗគ្នា។ ចាប់ពីឆ្នាំ២០២២ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានបន្តធ្វើការសហការម្ដងទៀតជាមួយនឹង ហើយនៅក្នុងឆ្នាំ២០២៣ យើងក៏នៅតែបន្តវគ្គបណ្តុះបណ្តាលនេះឡើង វគ្គបំប៉នសម្រាប់ឆ្នាំ២០២៣នេះ មិនខុសពីរលើក មុនៗឡើង ដោយយើងរៀបចំឡើង ចំនួន ០៥ មុខវិជ្ជាដូចឆ្នាំមុខគឺ ៖ គណិតវិទ្យា អក្សរសាស្ត្រខ្មែរ គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា កាលពីឆ្នាំ២០១៦ មុខវិជ្ជាទាំង០៥ មុខនេះ យើងរៀនតែ មួយម៉ោងប៉ុណ្ណោះក្នុងមួយមុខ ហើយយើងសាកល្បងតែនៅ វិទ្យាល័យកោះកុង តែប៉ុណ្ណោះ ដោយឡែកនៅចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៣ នេះ ដោយសារកំណើននៃសិស្សដែលមានចូលរួមក្នុងវគ្គបំប៉ននេះមាន ចំនួន ច្រើន ស.ស.យ.ក ខេត្ត បានរៀបចំឲ្យមានវគ្គបំប៉ននៅតាមបណ្តាក្រុង ស្រុកទាំង០៧ ក្នុង សរុបមានចំនួន ១១ វិទ្យាល័យ ដែលមានសិស្សានុសិស្សសរុបចំនួន ៩៤៣ នាក់ ស្រី ៤៩៧ នាក់ ដែលចាប់ផ្តើមរៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣តទៅ ។
ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ លោកនាយក នាយករង លោកគូ អ្នកគ្រូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុងទាំងអស់ ដែលតែងតែបាន បង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារ លេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត បានរៀបចំនូវវគ្គបំប៉ននេះឡើង និងដែលបានស្ម័គ្រចិត្តធ្វើការបង្ហាត់បង្រៀន បំប៉នបន្ថែមដល់សិស្សានុសិស្ស ចាប់តាំងពី ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ នេះផងដែរ៕
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ September 4, 2023