រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំប្រចាំខែមីនា របស់ក្រុមប្រឹក្សាឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំប្រចាំខែលើកទី៣២ អាណត្តិទី៤ ក្រោមការដឹកនាំដោយលោកឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍ នាយរងប៉ុស្តិ៍ជើងទឹក មន្ត្រីបរិស្ថាន នាយក នាយករងសាលា ទូទាំងឃុំ មេភូមិ អនុប្រធានភូមិ និងប្រធានសហគមន៍សរុបចំនួន ១៩រូប ស្រី ០១រូប នៅសាលាឃុំកោះកាពិ ។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈនៃកិច្ចប្រជុំ មួយចំនួនដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកូរ៉ុម
២.ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំខែកុម្ភៈ
៣.ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែកុម្ភៈ
៤.បញ្ហាផ្សេងៗ
ក្នុងរបៀបវារៈទី៤ បញ្ហាផ្សេងៗ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមចំនួនពីរ គឺ បញ្ហាការភ័យខ្លាចរបស់ប្រជាពលរដ្ឋក្នុងឃុំពាក់ព័ន្ធវីរ៉ុសកូរ៉ូណា ឬCovid-19 និងបញ្ហាការរីករាលដាលការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន។ កិច្ចពិភាក្សា និងការសម្រេចរបស់ក្រុមប្រឹក្សាគឺ ក្រុមប្រឹក្សាឃុំនឹងរៀបចំផែនការចុះធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការការពារខ្លួនឯង ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញពីវីរ៉ុស Covid-19 និងការពង្រឹងភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើងជាងមុនបន្ថែមមួយកម្រិតទៀត។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង