រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក ក្នុងពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយ ធ្វើដំណើរ និងសុវត្ថិភាព លើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត” នៅរោងចក្រ YAZAKI (CAMBODIA) PRODUCTS CO., LTD តំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោក ហាក់ ឡង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក ក្នុងពិធីអប់រំផ្សព្វផ្សាយ "ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយ ធ្វើដំណើរ និងសុវត្ថិភាព លើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត” នៅរោងចក្រ YAZAKI (CAMBODIA) PRODUCTS CO., LTD តំបន់សេដ្ឋកិច្ចពិសេសកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះតាងនាមឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរ យានយន្តដឹកកម្មករ និងកម្មករ និយោជិត” ដែលជាពិធីដ៏មានសារៈសំខាន់នា ពេលនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិ សន្ដិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ព្រមទាំងគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករ និយោជិតទាំងអស់ ដែលបានចំណាយពេល វេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ។ យោងតាមកត្តាកំណើនមធ្យោបាយយានយន្តការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ច្រើនជាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវមិនទាន់ បានត្រឹមត្រូវលក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវនិងកត្តាផ្សេងៗទៀត បានបង្កើតជាបញ្ហាប្រឈមឱ្យមានការកកស្ទះចរាចរណ៍ និងតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្ដោយផ្លូវជាតិសំខាន់ៗ ចេញចូល ឆ្លងកាត់ទៅកាន់បណ្តាខេត្ត និងទីប្រជុំនានា ហើយបញ្ហានេះបានក្លាយជាក្តីព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែ បង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវ វិបត្តិសង្គមជាច្រើនទៀតដូចជា៖ ពិការភាព ក្មេងកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹង និងបង្កឱ្យ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ និងកម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួសារ ។ល។ នៅក្នុងពិធីអប់រំផ្សព្វផ្សាយលើនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកបើក បរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ដែលនឹងទទួលបាននូវការអប់រំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដែលមានអ្នកជំនាញក្រុមការងារ ស.ផ.ក ជាវាគ្មិនដែលមាន បទពិសោធន៍ និងជំនាញច្បាស់លាស់ ដើម្បីបង្ហាញជូននាពេលបន្តិចទៀតនេះ។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីអប់រំ ផ្សព្វផ្សាយរយៈពេលមួយព្រឹកនេះ សិក្ខាកាមទាំងអស់នឹង ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត អ្នកដែលប្រើប្រាស់ទ្រូងផ្លូវ និងដងផ្លូវទាំងឡាយឱ្យយល់ ដឹងលម្អិតអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ មុននឹងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាល ខេត្តកោះកុង ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បេឡាជាតិ សន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក ឯកឧត្តមទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន លោកឧត្តមសេនីយ៍ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន តំណាងយុវជន និងនាយក នាយករងតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន អ្នកបើកបររថយន្តដឹកកម្មករ ព្រមទាំងកម្មករ និយោជិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ ដ៏មានសារៈសំខាន់នាពេលនេះ។ ខ្ញុំសូមជូនពរ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវគណអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានចៀសផុតពីជំងឺកាចសាហាវ និងកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការឆ្លងរីក រាលដាលនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ មានសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិ និងសូមឱ្យពិធីអប់រំផ្សព្វផ្សាយ "ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយ ធ្វើដំណើរ និងសុវត្ថិភាព លើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត” នាព្រឹកនេះទទួលបានជោគជ័យតាមការគ្រោងទុក៕

ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 2, 2023

អត្ថបទទាក់ទង