រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នៅស្រុកមណ្ឌលសីមា

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នៅស្រុកមណ្ឌលសីមា ។

បន្ទាប់​ពីឯកឧត្តម បាន​អាន​នូវ​សុន្ទរកថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​ពិធី​មីទ្ទីញរំលឹក​ខួបលេីកទី​៤៤​ ទិវា​ជ័យជំនះ ៧​ មករា​ ចំពោះខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជំនះនេះ ឯកឧត្តមប្រធាន បានជម្រាបជូនអង្គពិធីថាថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រលើបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាការបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាថ្ងៃដែលមានអត្ថន័យធំធេងបំផុតចំពោះការរស់រានឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចំរើននៃមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជំនះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជំនះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រឡាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជំនះ ៧ មករា។ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព»
បន្ថែមពីនេះ ឯកឧត្តមប្រធាន បានលើកឡើងថា ជួបជុំគ្នាថ្ងៃនេះក៏ពិតមែន ប៉ុន្តែយើងជួបជុំគ្នាជាតំណាងឱ្យវ័យចាស់វ័យកណ្តាល និងវ័យក្មេង ជាតំណាងឱ្យកសិករ កម្មករ-កម្មការិនី ជាងសំណង់ អាជីវករ អ្នកផ្តល់សេវាក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន នីវត្តជន និស្សិត សិស្សានុសិស្ស ជាតំណាងឱ្យពុទ្ធសាសនិក ឥស្លាមសាសនិក និងសាសនិកសាសនាឯទៀតៗ ជាតំណាងឱ្យបញ្ញវន្ត អ្នកបច្ចេកទេស។ល។ ជាតំណាងឱ្យអ្នកធ្លាប់រស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដែលទើបកើតក្រោយថ្ងៃ ៧ មករា ១៩៧៩ ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិឱ្យឃើញកាន់តែច្បាស់នូវគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ យើងប្តេជ្ញាជំរុញការកែទម្រង់លើគ្រប់វិស័យ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន ។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ៕
ថ្ងៃសៅរ៍ ១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ January 7, 2023
ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (Victory Day)

អត្ថបទទាក់ទង