រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្ដកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្ដកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

លោកនាយករដ្ឋបាល បានលើកឡើងថា តាមរយៈរបាយការណ៍របស់លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ ខ្ញុំសង្កេតឃើញថា ក្រុមការងារខេត្ត ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ពិតជាបានខិតខំយកអស់ទាំងកម្លាំងកាយចិត្ត និងការទទួលខុសត្រូវមកអនុវត្តនូវគោលការណ៍ សកម្មភាពនានា នៃគម្រោងរហូតសម្រេចបានលទ្ធផលមួយចំនួនដ៏ល្អប្រសើរ និងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះយើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែបន្តរួមគ្នាដោះស្រាយនូវភាពអសកម្មភាព ឬការខ្វះចន្លោះទាំងនោះឲ្យបានឆាប់ និងផ្លាស់ប្តូរមកវិញនូវផលិតផលការងារមួយពោរពេញដោយគុណភាព។
លោក លោកស្រី ខ្ញុំមានសេចក្តីរីករាយយ៉ាងជ្រាលជ្រៅបំផុត ដោយបានសង្កេតឃើញលទ្ធផលដែលផ្តល់ការចូលរួមគាំទ្រ ដល់កម្មវិធីអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ត យុទ្ធសាស្រ្តចុតកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើនសមធម៌ និងប្រសិទ្ធិភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ខ្ញុំមានជំនឿជឿជាក់លើប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងសេវាសុខភាពរបស់លោក លោកស្រីដែលជាប្រតិបត្តិករ នៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់យើង បន្តគាំទ្រដល់ដំណើរការពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋាន អនុឡោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ឆ្លងតាមការខិតខំរួមក្នុងការអភិវឌ្ឍន៍ កន្លងមកខេត្តមានការរីកចំរើនយ៉ាងខ្លាំង នាំមកជូននូវភាពសុខដុមរមនា ធានាបាននូវសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែលម្អ និងរីកចំរើន ហើយយើងនឹងបន្តវប្បធម៌នៃការចូលរួមគ្រប់មជ្ឈដ្ឋាននេះបន្តទៀត ដើម្បីធានា បាននិរន្តរភាព និងប្រសិទ្ធិភាព។
លោក លោកស្រី ! ដើម្បីឱ្យការអនុវត្តគម្រោងអាហារូបត្ថម្ភ ទទួលលទ្ធផលល្អ ខ្ញុំសូមធ្វើការផ្តាំផ្ញើនូវអនុសាសន៍ មួយចំនួបន្ថែម សម្រាប់អនុវត្តដូចខាងក្រោម៖

ទី១)  សូមក្រុមការងាររបស់រដ្ឋបាលស្រុក មេត្តាពង្រឹងសមត្ថភាពរបស់ខ្លួន ជួយណែនាំគាំទ្រដល់រដ្ឋបាលឃុំធ្វើបែងចែកថវិកា ការរៀបចំធ្វើផែនការសកម្មភាព និងថវិកា កម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្ដី និងកុមារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី២)  សូមលោក លោកស្រីមេឃុំ មេត្តាជួយគាំទ្រ និងលើកទឹកចិត្តដល់អ្នកទ្រទ្រង់សុខភាពភូមិលើការងារសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ឱ្យបានជាប្រចាំ។

ទី៣) សូមក្រុមការងារថ្នាក់ខេត្ត ផ្តល់ការគាំទ្រសម្របសម្រួលផ្នែកបច្ចេកទេសដោយផ្ទាល់ដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដោយស្នើសូមប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត។

ទី៤) សូមក្រុមការងារប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ទំនាក់ទនងការងារទៅវិញទៅមក និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលាកំណត់។

ទី៥) សូមសមាជិកក្រុមការងារនៅរដ្ឋបាលថ្នាក់ស្រុក និងរដ្ឋបាលឃុំ ត្រូវចាត់ទុកការងារគម្រោងអាហារូបត្ថម្ភ ជាការងារស្នូលរបស់ខ្លួនដែរ ដែលរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មជូន។

ទី៦) សូមក្រុមការងារនៅរដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ រៀបចំកិច្ចការប្រជុំប្រចាំខែ ឱ្យបានទៀងទាត់។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនលោក លោកស្រីទាំងអស់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវ័យ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកាសបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕
ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 18, 2022

អត្ថបទទាក់ទង