/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែង ក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី”សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង” តាមរយៈប្រព័ន្ធអនឡាញ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែង ក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី”សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង” តាមរយៈប្រព័ន្ធអនឡាញ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមានលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ តាងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile និងគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមការងារ នៃរដ្ឋបាលខេត្តកោះកុងយើងខ្ញុំនាឳកាសនេះ។ កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។
ឆ្លៀតក្នុងឳកាសដ៏ល្អប្រសើរនេះ នាងខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាប អំពីភូមិសាស្ត្រ និងសក្តានុពលវិនិយោគរបស់ខេត្តកោះកុង ដូចតទៅ ៖ កោះកុងជាខេត្តមួយក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូង សមុទ្រ និងព្រះរាជាណាចក្រថៃឡង់ដ៍ និងខាងជើងជាប់ខេត្តពោធិ៍សាត់។ ខេត្តកោះកុងមានក្រុង០១ ស្រុក០៦ ឃុំ២៦ សង្កាត់០៣ និងចែកជា ១១៩ភូមិ មានផ្ទៃដី សរុប ១០.០៤៥,៥៨គម២ (ដប់ពាន់សូន្យរយសែសិបប្រាំក្បៀសហាសិបប្រាំបីគីឡូម៉ែត្រការ៉េ) ដោយ មានប្រជាជនសរុប ១៤៣.៤៩២នាក់ ស្រី ៧២.៤៨៥នាក់ ដង់ស៊ីតេប្រជាជន ១៣នាក់/គីឡូម៉ែត្រការ៉េ និងមានអត្រាភាពក្រីក្ររង្វង់ ៧,៤% ក្នុងឆ្នាំ២០២២។ ប្រជាជនប្រមាណ ៥៥,៥% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីវិស័យកសិកម្ម នៅមានវិស័យផ្សេងៗទៀតដូចជាវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំង ពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជនមានប្រមាណ ១៥,១% នៃប្រជាជនសរុប។ នាងខ្ញុំសូមជម្រាបផងដែរថា វិស័យរ៉ែ និងថាមពល បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជម្រុញការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយ គុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិមានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត ដូចខាងក្រោម៖
១. វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពតម្លើង ៣៣៨មេហ្គាវ៉ាត់
២. វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពតម្លើង ១៨មេហ្គាវ៉ាត់
៣. វារីអគ្គិសនីស្ទឹងតាតមានអានុភាពតម្លើង ២៤៦មេហ្គាវ៉ាត់។
ក្នុងឆ្នាំ២០២១ ខេត្តមានឧស្សាហកម្មធុនធំចំនួន ០៧រោងចក្រ សហគ្រាស មានចំនួនកម្មករ និយោជិកចំនួន ១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡា…….។ល។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន ៧៥៥ មូលដ្ឋាន។ កោះកុងជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ២៩០គីឡូម៉ែត ពីរាជធានីភ្នំពេញ ដោយមានខ្សែផ្លូវជាតិដ៏សំខាន់ចំនួន២ ក្នុងការតភ្ជាប់គឺផ្លូវជាតិលេខ៤ និងផ្លូវជាតិ លេខ៤៨ ក្នុងនោះខេត្តកោះកុងក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន០១គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។ ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា-ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។ ខេត្តបាននឹងកំពុងធ្វើការទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាត ប្រទេសថៃ ក្នុងការបង្កើនបរិយាកាសកក់ក្ដៅសម្រាប់ការធ្វើអាជីវកម្ម រវាងប្រទេសទាំងពីរ។ បន្ថែមលើសនេះទៀត ខេត្តបានពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយខេត្តកាម៉ៅ និងខេត្តគៀនយ៉ាងនៃប្រទេសវៀតណាម និងខេត្តជីលីន ខេត្តយូណាន នៃប្រទេសចិន។
សម្រាប់កិច្ចប្រជុំនាថ្ងៃនេះ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូក្រុមហ៊ុនចិន និងរដ្ឋបាល ខេត្ត អាចនឹងឈ្វេងយល់ពីគ្នាកាន់តែល្អប្រសើរ និងកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងអាចបង្កើតបាននូវកាលានុវត្តភាពវិនិយោគ ក្នុងខេត្តកោះកុង លើវិស័យបច្ចេកវិទ្យារថយន្តអគ្គិសនី ដែលជាការរួមចំណែកអនុវត្តគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់រដ្ឋាភិបាលចិន និងដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាល ប្រែប្រួលថ្មី និងសម្រេចឱ្យបានបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ