លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងវគ្គសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ"។
ជាកិច្ចចាប់ផ្តើម លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា (SME) មានមតិស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងវគ្គសិក្ខាសាលាថ្ងៃនេះ បន្ទាប់មក លោកឧកញ៉ា តែ តាំងប៉បាន លើកឡើងនឹងបំផុសគំនិតដល់អាជីវករ និងក្រុមសហគ្រិន ដែលកំពុងធ្វើអាជីវកម្មនៅខេត្តកោះកុង ត្រូវចេះប្រើប្រាស់ទុនដែលខ្ចីពីធនាគារឲ្យចំគោលដៅ ជៀសវាងរងនូវការខាតបង់ ឬក្ស័យធនលើមុខរបរ និងអាជីវកម្មរបស់ខ្លួន។ម្យ៉ាងទៀត អាជីវករ និងសហគ្រិន ត្រូវគិតគូរអំពីផែនការមេ គុណភាពផលិតផល និងយុទ្ធសាស្រ្តប្រកួតប្រជែងនៅលើទីផ្សារ ឲ្យច្បាស់លាស់។ នេះជាការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ពន្យល់បន្ថែមនៅថ្ងៃទី ៦ ខែតុលា ក្នុងសិក្ខាសាលា ស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យដល់អាជីករ និងសហគ្រិននៅខេត្តកោះកុងថា SME ត្រៀមជានិច្ចនូវការចែករំលែកចំណេះដឹងពីវិធីសាស្រ្តពង្រីកសមត្ថភាព គំនិតច្នៃប្រឌិតថ្មី បច្ចេកវិទ្យាថ្មីៗ ព្រមទាំងដោះស្រាយផ្សេងៗដល់សហគ្រិន មុននឹងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។លោកឧកញ៉ា ស្នើដល់អាជីករ និងសហគ្រិននៅខេត្តកោះកុង ចាំបាច់យល់ដឹងពីការប្រើប្រាស់ទុនដែលមាន ឬខ្ចីពីធនាគារឲ្យចំគោលដៅ ចៀសវាងបោះទុនខុសគោលដៅ ដែលនាំឲ្យជួបហានិភ័យចំពោះអាជីវកម្ម កំពុងដំណើរការស្តារសេដ្ឋកិច្ច ក្រោយពីសេដ្ឋកិច្ចងើបចេញពីវិបត្តិជំងឺកូវីដ-១៩។គួរជម្រាបថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏គ្រោងបង្កើតតំបន់ឧស្សហកម្មសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្តកោះកុង ដើម្បីងាយស្រួលគ្រប់គ្រងចំនួនសហគ្រិន និងអាជីវករបានច្បាស់លាស់ ចៀសវាងការផលិតផលនៅតាមផ្ទះ ដែលងាយប៉ះពាល់ដល់វិស័យបរិស្ថាន ឬបែបរដ្ឋបាលបច្ចេកទេស។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏បានគាំទ្រពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍លើកកម្ពស់សេដ្ឋកិច្ចសង្គម ជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ ដោយសន្យាជួយរកទីតាំងដីទំនេរណាមួយបង្កើតឲ្យចេញជារូបរាងឡើង ទន្ទឹមនឹងការមានតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង នៅស្រុកមណ្ឌលសីមា ផងដែរ៕
ជាកិច្ចបន្ត លោក ខ្លឹម គគីរ បានឡើងមានប្រសាសន៍ និងធ្វើការប្រកាសបិទកម្មវិធីដែលមានខ្លឹមសារដូចតទៅ÷
ក្នុងវេលាឱកាសដ៏ប្រសើថ្លៃថ្លានេះតាងនាមខ្ញុំជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមសំដែងនូវសេចក្តីសោមនស្សរំភើបរីករាយក្រៃលែង ដែលអង្គសិក្ខាសាលានេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមធ្វើការកោតសសើរជាខ្លាំងចំពោះលោក ឧកញ៉ាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងដៃគូសហការ ឧបត្ថម្ភទាំងអស់ដែល បានចាប់ដៃគូរគ្នាផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង។
នៅក្នុងខេត្តកោះកុងមានសហគ្រាសធុនតូច និងមធ្យម នៅមានកង្វះខាតច្រើន ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ ហើយអង្គសិក្ខាសាលា ដែលដឹកនាំដោយ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងវេលាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ជាខ្លាំងដល់សហគ្រាសធុនតូច និងមធ្យម នៅ ខេត្តកោះកុងនឹងលើកទឹកចិត្តអោយមានការយល់ដឹងបន្ថែមទៀតលើការរៀបចំខ្លួនអោយសមស្រប នឹងនីតិវិធី ក្នុងការទទួលបានហិរញ្ញនពីធនាគារ ជាពិសេសកម្ចីពីធនាគារដៃគូររបស់សម្ព័ន្ធសមាគមសហគ្រាធុនតូច និងមធ្យមកម្ពុជា និង ធនាគារ SMEs ដោយសារពេលនេះប្រភពទុនជាធនធានសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមជាច្រើនត្រូវការធនធានហិរញ្ញវត្ថុចាំបាច់ណាស់ ដើម្បីទ្រទ្រង់អាជីវកម្ម របស់ពួកគាត់ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសហគ្រាសធុនតុច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គ សិក្ខាសាលាថ្ងៃនេះនិងយកចំណេះដឹងថ្មីបន្ថែមទៀតនេះដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈ កិច្ចរបស់ខ្លួនកាន់ តែរីកចម្រើនបន្ថែមទៀត។
ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅ ធនាគារពិនស៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី,ក្រុមហ៊ុនMetfone, និងអង្គការតម្លារភាពកម្ពុជា ដែលបានចូលរួមឧបត្ថមក្នុងកម្មវិធីថ្ងៃនេះ ហើយក៏សូមអរគុណដល់សម្ព័ន្ធសមាគមសហគ្រាសធុនតុច និងមធ្យមកម្ពុជា ដែលមាន ឧកញ៉ា តែ តាំងប៉ ជាប្រធានដែលបានដឹកនាំ សម្របសម្រួលរៀបចំអោយមានកម្មវិធីនេះឡើង ដើម្បីជួយទៅដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកោះកុងនេះ សម្របសម្រួលដើម្បីរៀបចំអោយអង្គសិក្ខាសាលាថ្ងៃនេះលេចរូបរាងឡើង។
ខ្ញុំសូមបញ្ចប់មតិយោបល់ត្រឹមនេះ និងសូមគោរពជូនពរ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាននៅទីនេះទាំងអស់អោយទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និងសូមប្រកប បាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ហើយក៏សូមធ្វើការបិទ អង្គសិក្ខាសាលាក្នុងវេលាថ្ងៃនេះ។
=======✓✓=======
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។