រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ត្រូវបានរាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ ធ្វើប្រទានកម្មជាកម្មសិទ្ធិស្របច្បាប់នូវដី ដែលបានកាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ លើការកសាងឯកសារចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន អតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ កំពុងរស់នៅអាស្រ័យជាច្រើនឆ្នាំ លើដីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលរងខេត្ត បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ កាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ១៤ ៩០៧ម៉ែត្រក្រឡា សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិស្របច្បាប់ ជូនអតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលបាននិងកំពុងរស់នៅអាស្រ័យជាច្រើនឆ្នាំ លើដីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ទន្ទឹមនឹងនោះ ក្នុងនាមលោកជំទាវអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ រដ្ឋបាលខេត្ត សូមធ្វើការណែនាំឲ្យមន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំពាក់ព័ន្ធ ត្រូវរៀបចំនីតិវិធីចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន និងឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារខាងលើ ចូលរួមសហការ-អនុវត្តឲ្យបានល្អប្រសើរជាមួយ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងដំណើរការរៀបចំនីតិវិធីចុះបញ្ជីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចពន្ធ និងអាករ តាមនីតិវិធីច្បាប់ជាធរមាន៕
ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ August 16, 2022

អត្ថបទទាក់ទង