រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្ត្រថវិកា និងផ្សព្វផ្សាយសេចក្តីណែនាំអំពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដោយបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកោះកុង ជាមួយនេះផងដែរ ខ្ញុំសូមសំដែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏ សូមចូលរួមលើកទឹកចិត្ត ដល់ក្រុមការងារគ្រប់ផ្នែកដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជាទីរាប់អាន ដោយយោងទៅលើសេចក្តីសម្រេច ស្តីពីការរៀបចំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខ្ញុំសូមបញ្ជាក់ជូនដោយសង្ខេបស្តីពី តួនាទី និងភារកិច្ច សំខាន់ៗដូចខាងក្រោម ៖
១-សម្របសម្រួល រៀបចំផែនការអភិវឌ្ឍន៍ និងថវិកា
២-សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពរបស់ក្រសួងស្ថាប័ននានា
៣-កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត
៤-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ និង ក្រុមប្រឹក្សាសង្កាត់នៅក្នុងខេត្ត
៥-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងទៀត
៦-ការងារទាក់ទងនឹងមុខងារ និងធនធាន។
ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវផ្សារភ្ជាប់ជាមួយនឹងថវិកា (មានន័យថា ការរៀបចំផែនការត្រូវមានថវិកាមិនអាចខ្វះមួយណាបានឡើយ) ផ្អែកតាម “យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥” នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត”ថវិកាកម្មវិធី” ជាបណ្តើរៗ ដើម្បីធានាបានការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ ជាពិសេសគោលបំណង គោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយគោលបំណង អាទិភាពគោលនយោបាយជាតិ។ ក្នុងគោលដៅនេះការធ្វើសមាហរណកម្មផែនការនីយកម្មមានការចាំបាច់ ដើម្បី ឱ្យផែនការយុទ្ធសាស្រ្តរដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ (មន្ទីរ អង្គភាពជំនាញ)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្រ្តថវិកាគឺជាការកែលម្អ និងផ្លាស់ប្តូរជាជំហានៗ នៃវដ្តថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ពិសេសកំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាលនៃវដ្តថវិកា។ ការរៀបចំសេចក្តីព្រាងស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាខេត្ត (២០២៣-២០២៥) ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ ស្របតាមសារាចរណែនាំលេខ ០០៥ សហវ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្តសម្រាប់ឆ្នាំ ២០២៣-២០២៥ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានខ្លឹមសារសំខាន់ គឺ ៖
១-ការចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ ត្រូវដំណើរការទៅឱ្យស្របទៅនឹងដំណើរការរៀបចំថវិកា ហើយស្របទៅនឹងរចនាសម្ព័ន្ធថ្មីនៃការគ្រប់គ្រងនៅតាមបណ្តាក្រុង ស្រុក ។
២-សេចក្តីព្រាងបញ្ជីគម្រោង ដែលបានលើកឡើង ឈ្មោះគម្រោងសំខាន់ៗ ដែលបានរំលេចឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ដ ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ)និងថវិកាប្រចាំឆ្នាំរបស់ខេត្ដ
៣-ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ត្រូវឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋហេតុនេះត្រូវធ្វើការពិនិត្យ និងកែតម្រូវ ឱ្យបានសមស្រប ទំហំគម្រោង បញ្ហាអាទិភាព សេចក្តីត្រូវការ និងធ្វើការដោះស្រាយ តាមរយៈគម្រោងវិនិយោគដែលបានស្នើឡើង
៤-រដ្ឋបាលខេត្ដ និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។

យើងខ្ញុំ សង្ឃឹមថាលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាខេត្ត(២០២៣-២០២៥) និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត ដើម្បីការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ដ បានប្រសើរឡើង៕
ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ August 16, 2022

អត្ថបទទាក់ទង