រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង នាំយកទៀនវស្សា ទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនទីវត្តអារាមទាំង ០៤ នៃស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ-បរិភោគ យកមកវេរប្រគេនទីវត្តអារាមវត្តចំនួន ០៤ នៃស្រុកបូទុមសាគរ រួមមាន៖ វត្តគិរីសាគរ (ហៅវត្តចម្លងគោ), វត្តអង្គសិលាមុនី (ហៅវត្តថ្មស), វត្តប្រជារដ្ឋកំសាន្តឋានសួគ៌ (ហៅវត្តប្រជាកំសាន្ត) និងវត្តសុវណ្ណគិរីតេជា (ហៅវត្តភ្នំប្រចៀវ) ដើម្បីប្រគេនដល់ព្រះសង្ឃក្នុងរយៈពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ។ អាស្រ័យហេតុដូចនេះ ទើបថ្ងៃនេះ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃ ដើមី្បយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ នៃយើង។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ក៏ជម្រាបជូនផងដែរថា សម្រាប់ប្រជាពលរដ្ឋ និងបងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើដល់វិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុក នៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើង។

ជាការលើកឡើងបន្ថែម លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ប្រគេនជូនព្រះសង្ឃ និងពុទ្ធបរិស័ទថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់, ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ទើបប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ស្រុក គ្រប់ឃុំទូទាំងប្រទេស។

ចំពោះសម្ភារៈបរិក្ខា ដែលបានប្រគេននាឱកាសនោះ ក្នុង១ទីអារាម នៃទីអារាមវត្តទាំង០៤ នៃស្រុកបូទុមសាគរ នឹងទទួលបានទៀនវស្សា ០១គូ ថវិកាសម្រាប់កសាងវត្តចំនួន ៥០ម៉ឺនរៀល ថវិកាសម្រាប់រៀបចំចង្ហាន់ចំនួន ៥០ម៉ឺនរៀល ថវិកាសម្រាប់ព្រះគ្រូចៅអធិការចំនួន ១០ម៉ឺនរៀល ព្រះសង្ឃចំនួន ០៥ម៉ឺនរៀល លោកអាចារ្យចំនួន ០៥ម៉ឺនរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន។

បន្ទាប់ពីបញ្ចប់កម្មវិធីផ្នែកពុទ្ធចក្រ លោកអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះពិនិត្យទីតាំងផ្លូវចំណោត នៅលើកំណាត់ផ្លូវតភ្ជាប់ឃុំថ្មស-ឃុំតានូន ដែលរអិលខ្លាំង ពិបាកធ្វើដំណើរក្នុងរដូវវស្សានេះ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនលោកជំទាវអភិបាលខេត្ត និងអ្នកពាក់ព័ន្ធ ពិនិត្យលទ្ធភាពជួសជុលកែលម្អ សំដៅធានាផ្តល់ភាពងាយស្រួល និងសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង