រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការកំណត់អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមជនងាយរងគ្រោះ

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការកំណត់អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមជនងាយរងគ្រោះ។

បណ្ឌិតអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះយើងមកជួបជុំគ្នាដោយផ្ទាល់ ជាកម្មវិធីទី១ ដែលបានរៀបចំសម្រាប់ កិច្ចប្រជុំមួយនេះ ដោយមានកិច្ចសហការរៀបចំដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុគណៈកម្មាធិការជំនួយសង្គម និងមូលនិធិជាតិជំនួយសង្គម ក្រោមជំនួយឧបត្ថម្ភដោយ អង្គការយូនីសេហ្វ សហគមន៍អឺរ៉ុប អូស្ត្រាលីអេដ និង USAID ជាកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មវិធី រហូតដល់ទៅ ៤ កម្មវិធីជាកម្មវិធីមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលលោក លោកស្រី អ្នកគ្រប់គ្រងដឹកនាំ និងអ្នកអនុវត្តន៍ផ្ទាល់នៅស្រុក/ក្រុង ឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងខេត្តកោះកុង ។

ទី១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាកម្មវិធីរាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការតាមរយៈក្រសួងសុខាភិបាលសហការជាមួយក្រសួងសង្គមកិច្ច ចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានផ្ទេរ កម្មវិធីនេះមក ក្រសួងសង្គមកិច្ច ចាប់ផ្តើមដំណើរការ និងគ្រប់គ្រងបន្តរហូតដល់សព្វថ្ងៃ បានអនុវត្តផ្ទាល់ដោយមន្ទីរសង្គមកិច្ច រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ និងមូលដ្ឋានមណ្ឌលសុខាភិបាលសាធារណៈរបស់រដ្ឋទាំងអស់ទូទាំងប្រទេស។ ជាកម្មវិធីជួយទប់ស្កាត់ អត្រាស្លាប់របស់មាតា និងទារក ការថែទាំនិងលើកកំពស់សុខភាព មាតានិងទារក និងការ គាំទ្រកត្តាជីវភាព និងការខ្វះអាហារូបត្ថម្ភកុមារធ្ងន់ធ្ងរ ដោយផ្តល់សេវាសុខភាពនៅតាម មូលដ្ឋានមណ្ឌលសុខាភិបាលសាធារណៈ (រដ្ឋ) និងបានផ្ដល់ថវិកា ចាប់តាំងពីពេលមានផ្ទៃពោះរហូតដល់កុមារ អាយុ០២ឆ្នាំ តាមរយៈ បញ្ឈរវឹងគ្រប់ទីកន្លែងដោយមិនចំណាយថ្លៃសេវាឡើយ។ ជាក់ស្ដែងរហូតដល់ពេលនេះ មានអ្នកទទួលផលសរុប ចំនួន ១,៩១០នាក់ ដែលក្នុងនោះមានអ្នកទទួលផលជាស្រ្តីចំនួន ១,៤១៧នាក់ និងកុមារចំនួន ៤៩៣នាក់។

ទី២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាកម្មវិធីរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អនុញ្ញាតិឲ្យចេញសាច់ប្រាក់ ផ្ទាល់ជូនគ្រួសារក្រីក្រដែលរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សាច់ប្រាក់នេះត្រូវបានចាប់ផ្តើម បើកជូនចាប់ពីថ្ងៃទី២៥ មិថុនា ២០២០ តាមរយៈបញ្ឈរវឹង គ្រប់ទីកន្លែង ដោយមិនចំណាយថ្លៃសេវាឡើយដោយ ក្នុងខេត្តកោះកុង មានអ្នកទទួលផលសរុបចំនួន ១២,៨០៣គ្រួសារ ចំណាយថវិកាសរុប ៣៨,៥៨១,៧១៤,០០០រៀល។

ទី៣៖ ការកំណត់អត្តសញ្ញាណកម្មពិការភាព ជូនបងប្អូនជនមានពិការភាពទាំងអស់ នៅតាមសហគមន៍។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការតាមប្រព័ន្ធអែប(App) របស់ក្រសួងសង្គមកិច្ចដូចគ្នាដែរ តាំងពីខែសីហា ឆ្នាំ២០២១ មកម្ល៉េះ ដើម្បីធានាថាបងប្អូនជនមានពិការភាពទាំងអស់ទទួលបានអត្ថប្រយោជន៍ នៅក្នុងខេត្ត កោះកុង កំណត់អត្តសញ្ញាណកម្មពិការភាពចូលក្នុងប្រព័ន្ធបានសរុបចំនួន ១,០៤៧នាក់ ក្នុងនេះស្រី ៤២៣នាក់ ។

ទី៤៖ គម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ៖ គឺជាការយក ចិត្តទុកដាក់របស់រដ្ឋាភិបាល ខ្លាចបងប្អូនអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបងប្អូនជនមានពិការភាព មិនបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នា និងមិនទាន់ពេលវេលា។ ឥឡូវនេះយើងកំពុងតែផ្ទៀងផ្ទាត់ចូលក្នុងប្រព័ន្ធអែប(App) និងជម្រុញការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងនេះចំពោះគ្រួសារក្រីក្រដោយរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដែលបានផ្ទៀងផ្ទាត់ចូលក្នុងប្រព័ន្ធមានចំនួន ៤,៧០១គ្រួសារ គិតជាភាគរយស្មើនឹង ៥៣.៨៥% នៃចំនួនគ្រួសារក្រីក្រសរុប និងបងប្អូន

ជនមានពិការភាពដែលបានផ្ទៀងផ្ទាត់ចូលក្នុងប្រព័ន្ធមានចំនួន ៥នាក់ គិតជាភាគរយស្មើនឹង ០.៤៧% នៃចំនួនបងប្អូនជនមានពិការភាពសរុប ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ជាទីគោរពរាប់អាន ! លោក លោកស្រី បានជ្រាបហើយថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល ការកាត់បន្ថយ នូវភាពក្រីក្រ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដូចជាការសាងសង់ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ពិសេសជួយដល់ ក្រុមប្រជាជនរងគ្រោះនិងងាយរងគ្រោះ និងគ្រួសារក្រីក្រ។ ជាក់ស្ដែងគឺកម្មវិធីទាំងអស់នេះបានបង្ហាញស្រាប់ និងក៏មានកម្មវិធីផ្សេងៗទៀត ដែលជួយដល់ប្រជាជនដែលមានការលំបាក ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និងអង្គការ យូនីសេហ្វ តែងតែគាំទ្រ និងធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សជាបន្តបន្ទាប់ ដើម្បីជួយដល់ក្រុមគោលដៅ ដែលជាជនរងគ្រោះ និងងាយរងគ្រោះនូវតាមមូលដ្ឋាន ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ នាថ្ងៃនេះដែរ គឺជាសមិទ្ធិផល លទ្ធផលការងារ របស់ លោក លោកសី ប្រធានការិយាល័យសង្គមកិច្ចស្រុក ក្រុង លោកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ទាំងអស់ ដែល លោក លោកស្រីបានខិតខំតស៊ូអនុវត្តការងារ រហូតមានថ្ងៃនេះ ។ ខ្ញុំក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង។ ជាពិសេសលោក ប្រធានមន្ទីសង្គមកិច្ចខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកមាន សហការគ្នាបានល្អ ក្នុងការងារនេះ និង ប្រធានប្រត្តិកម្មវិធី មន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីរបស់មន្ទីរសង្គមកិច្ចខេត្ត ដែលបានជួយសម្របសម្រួលនិងបង្ហាត់បង្រៀនទាំងទ្រឹស្តី បទពិសោធន៍និងចំណេះដឹងថ្មីៗ ជូនដល់មន្ត្រីទទួល បន្ទុកអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ ស្រុក/ក្រុង និងមូលដ្ឋានមណ្ឌលសុខាភិបាលសាធារណៈទាំងអស់ សម្រាប់យក ទៅអនុវត្តនៅតាមស្រុក/ក្រុង ឃុំ/សង្កាត់របស់ខ្លួនវិញ។

បន្ថែមលើនេះផងដែរ ខ្ញុំសូមផ្ដាំផ្ញើរដល់លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច ស្រុក ក្រុង លោក មេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និងមូលដ្ឋានមណ្ឌលសុខាភិបាលសាធារណៈ ទាំងអស់
-ត្រូវយកចំណេះដឹងដែលទទួលបានទៅបម្រើប្រជាពលរដ្ឋរបស់យើង ឱ្យមានប្រសិទ្ធិភាព
-ត្រូវយកទ្រឹស្ដី និងការអនុវត្ដទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានរបស់ខ្លួន
-សូមចែករំលែកបទពិសោធន៍ការអនុវត្តការងារនៅពេលពិភាក្សាក្នុងកិច្ចប្រជុំនាពេលនេះ
-ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន អោយបានល្អ ជម្រុញការលើកកម្ពស់ប្រសិទ្ធភាពការងារ៕
ថ្ងៃសុក្រ ១០ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ July 8, 2022
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Prasat Sambor Prei Kuk recognized as UNESCO's World Heritage)

អត្ថបទទាក់ទង