បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនិងជាប្រធានអនុគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន អង្គភាពចំណុះ ក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពីដំណើរការ និងនីតិវិធី នៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២។
បណ្ឌិតអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាមឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវគណៈអធិបតី និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្នុងពិធីប្រជុំផ្សព្វផ្សាយណែនាំអំពីដំណើរនិងនីតិនៃការវាយតម្លៃ និងនីតិវិធីនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ នាពេលនេះ។ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមសម្តែងនូវភាវរកិច្ច និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម លោកជំទាវគណៈអធិបតី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ដែលបានផ្តួចផ្តើមរៀបចំឱ្យមានការផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តីមន្ទីរបរិស្ថានខេត្តកោះកុង និង គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសដើម្បីឱ្យអង្គភាពក្នុងវិស័យបរិស្ថានក្លាយជាអង្គភាពគំរូ។
ឯកឧត្តម លោកជំទាវគណៈអធិបតី និងអង្គពិធីជាទីគោរព ! ជាការពិតណាស់ ការរៀបចំការផ្សព្វផ្សាយនេះឡើង ពិតជាបានផ្តល់នូវឱកាស និងចំណេះដឹងបន្ថែមដល់សិក្ខាកាម ជាពិសេសគឺដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពក្នុងការអនុវត្ត «រដ្ឋបាលទំនើប» របស់អង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្ត តំបន់ការពារធម្មជាតិនិងសហគមន៍តំបន់ការពារធម្មជាតិ ចំពោះដំណើរការផ្តល់សេវាការងារក្នុងវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង តាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន៕
ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ June 29, 2022