រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន២ភូមិ គឺភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងពិធីនេះ លោក សុខ សុទ្ធី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមជ្រាបថា៖ ដំណើរការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី គឺជាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីថ្មីមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប ដើម្បីឱ្យកម្មវិធីនេះអនុវត្តទៅសម្រេចដោយជោគជ័យបាន ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងជិតស្និតពីរដ្ឋបាលដែនដី ពិសេសគឺ ប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញពីតាំងដី ព្រំដី ផ្តល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់តាមទម្រង់ និងនីតិវិធីដែលបានកំណត់។ ដំណើរការនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺចាប់ផ្តើមពីដំណាក់កាលនៃការចុះបញ្ជីដី ការបិទផ្សាយទិន្នន័យក្បាលដី ការស្នើសុំប្រទានកម្មពីរាជរដ្ឋាភិបាល ទើបអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋបាន។ មូលហេតុដែលតម្រូវឱ្យការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ស្នើសុំប្រទានកម្ម គឺដោយសារតែទីតាំងដីនេះ ជាទីតាំងដីដែលត្រូវបានកាត់ឆ្វៀលចេញពីដីតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គ្រីនរិច តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក សុខ សុទ្ធី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ជ្រាបថា ដំណើការនៃការចុះបញ្ជីនឹងប្រព្រឹត្តទៅចាប់ពីសប្តាហ៍ក្រោយនេះហើយ ដែលដំណើការចុះបញ្ជីនេះ មានរយៈពេលពី២ ទៅ៣ខែ។ ចំណែកឯ ឯកសារដែលតម្រូវឱ្យម្ចាស់ដី យកទៅបង្ហាញមន្ត្រីបច្ចេកទេសរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឯកសារបញ្ជាក់សាវតាដី ជាដើម។

ថ្ងៃចន្ទ ១ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ May 16, 2022

អត្ថបទទាក់ទង