#នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២# លោកអៀវ វណ្ណារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីគម្រោងសិក្សាផែនការ មេនៃការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ៥ក្រុមក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងមានកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយ វិទ្យាស្ថានបរិស្ថាន ឧស្សាហកម្ម និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ (Korean Environmental Industry and Technology Institute/KEITI) តាម រយ:ក្រុមហ៊ុន Yooshin Engineering Corporation នៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានរយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែមេសា ឆ្នាំ២០២២ ដែលមានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង ២៥ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់ក្រុមហ៊ុន Yooshin Engineering Corporation សរុបជាង ៦០នាក់។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំដូចខាងក្រោម ៖
- បង្ហាញជូន អំពីក្របខណ្ឌនៃគម្រោង និងការរៀបចំអនុវត្តគម្រោងសិក្សាផែនការមេនៃការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់ក្រុមអាងទន្លេទាំង ៥ ក្នុងប្រទេសកម្ពុជា
- បទបង្ហាញ ស្តីពីបញ្ហាប្រឈមនានាលេីវិស័យធនធានទឹក និងស្ថានភាពគម្រោងនៅរបស់មន្ទីរធនធានទឹក និងឧតុនិមនីមួយៗ (គម្រោងដែលបានបញ្ចប់ គម្រោងកំពុងដំណេីរការ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកដែលបានគ្រោងទុក)។
- ការចែករំលែក អំពីព័ត៌មានគម្រោង សម្រាប់រៀបចំផែនការមេ និងការប្រមូលផ្តុំទិន្នន័យចាំបាច់នានាពីមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជ ធានី-ខេត្ត៕