រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធីពិសារអាហារសាមគ្គី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធីពិសារអាហារសាមគ្គី

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយជាខ្លាំង និងសូមគោរពទទួលស្វាគមន៍ចំពោះ ឯកឧត្តម អ្នកឧកញ៉ ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សប្បុរសជន អាជីវករជាភ្ញៀវ កិត្តិយស និងយុវជនទាំងអស់ នៅក្នុងរាត្រីទទួលទានអាហារសាមគ្គីជុំគា្ន នៅទីនេះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេតី! ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងល្បឿនមួយគួរជាទីមោទកភាពបំផុត។ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំមកនេះ អ្វីដែលជាកង្វល់ដ៏ធំបំផុតរបស់យើង ក៏ដូចជាពិភពលោក ទាំងមូលគឺ ជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមានការចូលរួមពីប្រជាជនផងដែរនោះ ទើបធ្វើឱ្យយើងទប់ ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មីៗផងដែរ ។

បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចំនួនអ្នកឆ្លងត្រូវបានកាត់បន្ថយពិតមែន តែក៏យើងមិនត្រូវប្រមាថ និងធ្វេសប្រហែសបានឡើយ យើងគ្រប់គ្នាត្រូវតែបន្តចូលរួមឱ្យសកម្ម និងជាប្រចាំក្នុងការអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណ៍នានា របស់ក្រសួងសុខាភិបាល។ ក្នុងរយៈពេលថ្មីៗនេះ ដោយពិនិត្យឃើញថា អត្រានៃការឆ្លងមានការ ថយចុះជាបន្តបន្ទាប់ សម្តេចតេជោ ក៏បានសម្រេចឱ្យរាជធានីខេត្តរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីការខកខានរយៈពេល ២ឆ្នាំជាប់ៗគ្នា។ស្ថិតក្នុងបរិយាកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកោះកុង ខ្ញុំសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកឧត្តមអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវម្ចាស់ក្រុមហ៊ុននានា លោក លោកស្រីជាសប្បុរសជន ដែលបានចូលរួមចំណែកដ៏ធំធេងប្រកបដោយទឹកចិត្តសប្បុរសធម៌ ឧបត្ថម្ភថវិកា និងសម្ភារ ជូនដល់រដ្ឋបាលខេត្តកោះកុង ក្នុងការរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ថ្មីៗនេះ។ តាមរយៈទឹកចិត្តចូលរួមដ៏ថ្លៃថ្លានេះ រដ្ឋបាលខេត្ត ក៏មានឱកាសចំកម្មវិធីកម្សាន្ត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរជាតិ អន្តរជាតិ ពេញរយៈពេល៣ថ្ងៃនៅក្នុងទឹកដីខេត្តកោះកុង ទន្ទឹមគ្នានេះក៏បានឧបត្ថម្ភសម្រាប់ពិធីពិសារបាយសាមគ្គីក្នុងរាត្រីនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់កងកម្លាំងគ្រប់បណ្តាអង្គភាព ដែលបានខិតខំការពារទប់ស្កាត់រាល់បាតុភាពផ្សេងៗ និងការពារថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ និងទទួល បានការសរសើរពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងទឹកដីកោះកុង ពិសេសផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងស្ថាប័ន ពាក់ព័ន្ធនានា ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ អាជីវករ ក្នុងការរៀបចំកោះកុងសង្ក្រាន្ត ក៏ដូចជាចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀត និងសូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវតំណាងក្រុហ៊ុននានា លោក លោកសី ជាសប្បុរសជន ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយស និងក្មួយៗយុវជនទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុំភមង្គលក្នុងក្រុម គ្រួសារជារៀងរហូត ចាប់ពីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក នេះតទៅ៕
ថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ April 23, 2022

អត្ថបទទាក់ទង