សារលិខិតជូនពរ
របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក
ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២២
- សូមក្រាបថ្វាយបង្គំ ព្រះមេគុណទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
- សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបាទបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
- សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ជាទីស្នេហា !
- លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ អាជីវករ សេវាករ នៅទូទាំងខេត្តកោះកុង ជាទីស្រឡាញ់រាប់អាន ! ថ្ងៃព្រហស្បតិ៍ ១៣កើត ដល់ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ដល់ ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០២២ គឺជាទិវាដ៏មហោឡារិក ដែលប្រជាជាតិយើងទាំងមូលរួមគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ដោយកី្តមោទនៈ និងសោមនស្សរីករាយក្រៃលែង ។
ពិធីនេះ ជាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋពីបុព្វបុរសនៃយើង ដែលជាឱកាសឱ្យប្រជាជនយើង គ្រប់រូបជម្រុះចោលឱ្យជ្រះស្រឡះ នូវអពមង្គល ឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងឡាយក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា ដោយតាំងចិត្ត ធ្វើបុណ្យទានសាងកុសល ដើម្បីសិរីសួសី្ត សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះ តរៀងទៅ ។
ឆ្នាំចាស់កន្លងទៅ ដោយមានកម្លាំងមហាសាមគ្គីដ៏រឹងមាំ យើងទាំងអស់គ្នា ជម្នះបាននូវរាល់ឧបសគ្គតូចធំទាំងឡាយប្រកបដោយជោគជ័យ បំពេញបានល្អនូវភារកិច្ចកសាង និងអភិវឌ្ឍខេត្តរបស់យើង ដោយថែរក្សាសុខសនិ្តភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ធានាបានសេចកី្តសុខ សុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសការចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។ លទ្ធផលទាំងអស់នេះ គឺជាផ្លែផ្កា នៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ មាតុភូមិកម្ពុជា ។
តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្ញុំព្រះករុណានាងខ្ញុំ សូមសំដែងនូវការកោតសរសើរដោយស្មោះ ប្រគេន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន-យុវនារី អាជីវករ សេវាករ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលបានខិតខំរួមគ្នា បំពេញភារកិច្ចតាមមុខងារ តួនាទីរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍខេត្តកោះកុងរបស់យើង ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពក្នុងខេត្ត ។ ខ្ញុំព្រះករុណានាងខ្ញុំ មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រជាជនយើងពិតជាទទួលបាននូវវិបុលភាព សុខដុមរមនា និងសុភមង្គល ជាពិសេសនឹងនាំមកនូវការអភិវឌ្ឍថ្មីៗ ថែមទៀតជូនប្រទេសជាតិយើង ។
ក្នុងទិវាដ៏មហានក្ខត្តប្ញក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណានាងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមទ្រង់ព្រះមេត្តាប្រោសប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ និងសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់រៀងរហូត ។
ខ្ញុំព្រះករុណានាងខ្ញុំ សូមគោរពជូនពរ និងប្រសិទ្ធិពរបវរមហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន-យុវនារី អាជីវករ កម្មករ កម្មការនី ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា ។ សូមទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជួយអភិបាលឃុំគ្រងថែរក្សា និងប្រសិទ្ធិពរជ័យសិរីសួសី្តដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា សណ្តោសប្រណី សាមគ្គីភាព រួមសុខរួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយកី្តសុខក្សេមក្សាន្ត និងដោយកិត្តិយសសេចកី្តថ្លៃថ្នូរតរៀងទៅ ។ សូមអរព្រះគុណ និងសូមអរគុណ !