ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្តប្រចាំខែមេសា ឆ្នាំ២០២២ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាននូវការផ្តល់ព័ត៌មានជូនសាធារណៈជនឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំងរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុងផងដែរ។
ស្របពេលជាមួយគ្នានោះផងដែរ លោកអភិបាលរង ក៏បានណែនាំដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការប្រមូលយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងអស់ពីលទ្ធភាព ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលស្រុកកោះកុង និងគេហទំព័រ(Page) របស់លោកអភិបាល ជា សូវី-Chea Sovy ឱ្យបានទូលំទូលាយដល់មជ្ឈដ្ឋានសាធារណជនទទួលជ្រាបជាដំណឹង។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក អភិបាលរង ក៏បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់គ្នា ត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សមាសភាពចូលរួមមាន លោកអនុប្រធាន និងលោក លោកស្រីសមាជិកក្រុមការងារព័ត៌មានវិទ្យា នៅសាលប្រជុំសាលាស្រុកកោះកុង។