លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ជូ ប៊ុនង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ ជ ប ជ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប"
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប" ដល់មន្ត្រីជួរមុខពាក់ព័ន្ធក្នុងស្រុកថ្មបាំង និងស្រុកកោះកុង ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងខេត្តកោះកុងនេះ។ តាងងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកោះកុង និងក្នុងនាម នាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនរង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ ជ ប ជ ដែលបានផ្តល់កិត្តិយសអញ្ជើញជា អធិតីក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។ ជាការពិតណាស់វគ្គបណ្តុះបណ្តាលពីរថ្ងៃនេះ នឹងផ្តល់ឱ្យលោក លោកស្រី ដែលជាសិក្ខាកាម មានការយល់ដឹងកាន់តែច្បាស់អំពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយ អំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប" ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលខាងមុខកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។ វត្តមានរបស់លោក លោកស្រី ពិតជាបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ជាមួយមន្ត្រីអនុវត្តផ្ទាល់នៅថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងនៅតាមមូលដ្ឋាន ដើម្បីអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយគឺដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ។ យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត កោះកុង មាន ០៦ ក្រុមការងារ ដូចជា៖
១. ក្រុមការងារ បង្ការ និងទប់ស្កាត់
២. ក្រុមការងារ ការពារជនវងគ្រោះ
៣. ក្រុមការងារ អនុវត្តច្បាប់
៤. ក្រុមការងារ កិច្ចការយុត្តិធម៌
៥. ក្រុមការងារ សហប្រតិបត្តិការអន្តរជាតិ
៦. ក្រុមការងារ ទេសន្តរប្រវេសន៍ និងមានលេខាធិការដ្ឋាន ដែលដឹកនាំដោយលោកអភិបាលរងខេត្តមួយរូប ជាសេនាធិការរបស់ គណៈកម្មាធិការ (គខបជ) ខេត្ត ដែលមានភារៈកិច្ច ដឹកនាំអនុវត្ត បង្ក្រាប និងរំដោះជនរងគ្រោះ លើក ផែនការ ពង្រឹងសមត្ថភាពមន្ត្រីលេខាធិការដ្ឋាន (គខបជ) និងមន្ត្រីពាក់ព័ន្ធតាមមន្ទីរ អង្គភាពក្រោមឱវាទ និងមន្ត្រីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង ស្រុក ទៅអគ្គលេខាធិការដ្ឋាន (គជបជ) ដើម្បីរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ ដូចជាកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះជាដើម៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022