ក្រុមការងារបច្ចេកទេសខេត្ត បានសហការជាមួយរដ្ឋបាលក្រុង សង្កាត់ស្មាច់មានជ័យ និងតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ និងសិក្សាផលប៉ះពាល់គម្រោង សាងសង់លូ និងផ្លូវបេតុងអាមេ ០១ខ្សែ ដែលជាគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២២ ចាប់ពីចំណុចមុខមន្ទីរផែនការ ទល់នឹងផ្លូវផ្ទះលោក ចេង ឪ។ តាមរយៈការចុះពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋ និងអាជីវករ ភាគច្រើនមានការសាទរ និងចង់អោយគម្រោងនេះលេចចេញជារូបរាងឡើងបើទោះជាគម្រោងបានប៉ះពាល់ដល់សំណង់ របង និងដើមឈើរបស់ពួកគាត់ខ្លះៗក៏ដោយ។ សូមបញ្ជាក់ថា យោងតាមប្លង់គោលគឺផ្លូវ១ខ្សែនេះមានទទឹង ១២ ម។ បច្ចុប្បន្នផ្លូវ១ខ្សែនេះមិនទាន់មានប្រព័ន្ធលូដោះទឹកត្រឹមត្រូវនៅឡើយទេ និងមានការខូចខាតជាច្រើនកន្លែង។ តាមរយះកញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២២ គឺនឹងរៀបចំផ្លូវនេះ ឲ្យមានប្រព័ន្ធលូមូលសងខាងផ្លូវ និងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង៨២០ម ទទឹង៧ម កម្រាស់០,១៥ម ដែលនឹងដោះស្រាយបញ្ហាលេចទឹក និងលើកកម្ពស់សោភ័ណ្ឌភាព និងបំរើដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ March 23, 2022