រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងវិស័យទេសចរណ៍

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងវិស័យទេសចរណ៍។

លោកជំទាវអភិបាល បានលើកឡើងថា យើងបានដឹងហើយថា ស្រី្តមានសិទ្ធិស្មើនឹងបុរស និងមានតួនាទីយ៉ាងសំខាន់ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាសិទ្ធិក្នុងការជ្រើសរើសមុខរបរ និងការងារផ្សេងៗ និងមានសិទ្ធិទទួលបានប្រាក់បំណាច់មុខងារ ឬប្រាក់បៀវត្សស្មើនឹងបុរសដែរ។ ដើម្បីចូលរួមអនុវត្តគោលនយោបាយសមាសភាពយេនឌ័រ ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្រសួងទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្រ្តបញ្ជ្រាប និងលើកកម្ពស់យេនឌ័រ នៅក្នុងវិស័យទេសចរណ៍ស្របទៅតាមយន្តការជាតិ ដើម្បីជំរុញលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើននូវភាពអង់អាចដល់ស្រី្តដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួង និងស្រ្តីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ យើងបានមើលឃើញកាន់តែច្បាស់អំពីតួនាទី វិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈចំណូលការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមការពារអភិរក្ស សម្បត្តិវប្បធម៌ ធម្មជាតិ និងបង្កើតចំណូលតាមវិស័យផ្សេងៗ ទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជម្រាបផងដែរថាមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុងបានចាក់ វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសទី១ បានរួចរាល់ ១០៥.២៥% ដូសទី២ បាន ១០០.២៥% និងវ៉ាក់សាំងដូសទី៣ រួចរាល់សរុប ៦៤% ទន្ទឹមនេះ យើងក៏កំពុងបន្តចាក់វ៉ាក់សាំងដូសទី៤ ឬដូសជំរុញដែរ។ ទោះបីជាប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងស្ទើរតែ១០០% ពិតមែន ក៏ប៉ុន្តែយើងនៅតែមិនភ្លេចនូវការអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ជាពិសេសវិធាន ៣ការពារ ៣កុំ ដើម្បីជាមូលដ្ឋាននៃការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះដែរ នាងខ្ញុំសូមកោតសរសើរដល់មន្ត្រីរាជការ វិស័យឯកជន ភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលបានសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អនុវត្តវិធានសុវត្ថិភាព និងអនាម័យ សម្រាប់អាជីវកម្មទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋាន អាជីវកម្ម និងគោលដៅទេសចរណ៍សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ February 10, 2022

អត្ថបទទាក់ទង