រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅខែមករា ឆ្នាំ២០២២ របស់គណៈអភិបាលខេត្តកោះកុង និងពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)

លោក សំឃិត វៀន អភិបាលស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅខែមករា ឆ្នាំ២០២២ របស់គណៈអភិបាលខេត្តកោះកុង និងពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)។

លោកអភិបាលស្តីទី បានលើកឡើងថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាក់ស្តែងក្រុមការងារកសាងផែនការខេត្ត បានប្រជុំ និងពិភាក្សាជាមួយតាមមន្ទីរ និងអង្គភាពពាក់ព័ន្ឋ បែងចែក ជាក្រុមតូចៗ មុននឹងដាក់សេចក្តីព្រាងស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់គណៈអភិបាលខេត្ត ប្រជុំពិនិត្យ និងផ្តល់យោបល់នាថ្ងៃនេះ។ ក្រោយពីក្រុមប្រឹក្សាខេត្ត បានអនុម័ត ប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ(២០២២-២០២៤) ដើម្បីឲ្យក្រុមការងារកសាងផែនការខេត្ត រៀបចំដំណើរការ ផ្សព្វផ្សាយនិងអនុវត្តទៅតាមសេចក្ដីណែនាំ តាមជំហាននីមួយៗ រួមមាន :
-ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយស្តីពីដំណើរការរៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅទីចាត់ការ ផែនការនិងវិនិយោគខេត្ត ដែលមានទីតាំងនៅសាខាកាកបាទក្រហមខេត្ត ដោយបានបែងចែក ពេលវេលាពិភាក្សា ពិគ្រោះយោបល់ ការបំពេញធាតុចូល ក្នុងកម្មវិធីវិនិយោគ។
-ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត ដែលដឹកនាំដោយ លោកនាយកទីចាត់ការផែនការ និងវិនិយោគ សហការ ជាមួយមន្ទីរ ផែនការខេត្ត បានចុះតាមបណ្តាក្រុងស្រុក រៀបចំវគ្គផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីដំណើរការចាប់ផ្តើម រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២២-២០២៤) ក្រុងស្រុក ឃុំសង្កាត់ ក្នុងគោលបំណង បណ្តុះបណ្តាល និងអនុវត្តជាក់ស្ដែង ក្នុងការបំពេញតារាងវិភាគស្ថានភាពក្រុងស្រុក ឃុំសង្កាត់ដើម្បីកំណត់បញ្ហា តម្រូវការ និងដំណោះស្រាយ។
-នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានប្រជុំពិភាក្សា ដើម្បីរៀបចំចងក្រងលើសេចក្តីស្ដីពីគម្រោងវិនិយោគគ្រោងប្រើប្រាស់មូលនិធិខេត្ត (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ឲ្យមានភាពជាក់លាក់ មានការចូលរួមពីអ្នកពាក់ព័ន្ឋ អាចអនុវត្តបាន និងមានសង្គតិភាពជាមួយនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ដើម្បីយកទៅរៀបចំវេទិកាពិគ្រោះ យោបល់នៅថ្នាក់ខេត្តនាពេលខាងមុខ។
-នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានដាក់ជូន ក្នុងកិច្ចប្រជុំពេញអង្គ គណៈអភិបាល និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីធ្វើការពិនិត្យ និង ផ្តល់យោបល់ លើសេចក្តីស្ដីពីគម្រោងវិនិយោគគ្រោងប្រើប្រាស់មូលនិធិខេត្ត (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ ស្ថិតក្រោមអធិបតីភាព លោក អ៊ុក ភក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។
-នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានដាក់ជូនក្នុងកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិនិត្យ និង ផ្តល់យោបល់ លើសេចក្តីស្ដីពីគម្រោងវិនិយោគគ្រោងប្រើប្រាស់ មូលនិធិខេត្ត (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត។
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ស្ថិតក្រោមអធិបតីភាព លោក អ៊ុក ភក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសខេត្ត ។
-ថ្ងៃទី២៧ ខែតុលា រហូត ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ក្រុមការងារកសាងផែនការខេត្ត សហការ ជាមួយ រដ្ឋបាលក្រុង ស្រុក សម្របសម្រួលរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំ រំកិលក្រុងស្រុក ឃុំសង្កាត់ (២០២២-២០២៤)នៅថ្នាក់ក្រុងស្រុក ស្ថិតក្រោមអធិបតីភាព លោក អ៊ុក ភក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។
-ចាប់ពីថ្ងៃទី០៨ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានធ្វើការបូកសរុបរបាយការណ៍លទ្ធផលសិក្ខាសាលាសមាហរណកម្ម នៅតាមបណ្តាក្រុង ស្រុក និងប្រមូលគម្រោងវិនិយោគដែលទទួលបានការគាំទ្រពីបណ្តាមន្ទីរជំនាញ អង្គការជាតិ និង ដៃគូពាក់ព័ន្ធ ដើម្បីជាធាតុចូលបំពេញបន្ថែមដាក់ចូលក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត៕

ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ January 11, 2022

អត្ថបទទាក់ទង